ភ្នំពេញ៖ លោកឧបនាកយរដ្ឋមន្ដ្រី ម៉ែន សំអន តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការណែនំាឲ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបន្ដអនុវត្ដនូវគោលនយោបាយវប្បធម៌សន្ទនាមកជជែកគ្នាលើតុ ដើម្បីដោះស្រាយកិច្ចការប្រឈមទាំងឡាយជូនប្រជាពលរដ្ឋរស់នៅដោយសុខសន្តិភាព និងការអភិវឌ្ឍ កុំយកអំពើហិង្សាមកដោះស្រាយនំាឲ្យវិនាសនិងនាំឲ្យខាតបង់ប្រយោជន៍រួមលោកស្រីម៉ែន សំអនបានបញ្ជាក់បែបនេះខណៈដែលលោក ស្រីចូលរួម ជាអធិបតីភាព ក្នុងពិធីប្រកាសតែងតំាងលោក ហ៊ឹម ឆែម ចូលកាន់តំណែងជាទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនាជំនួសលោក មិន ឃិន ទេសររដ្ឋមន្ដ្រី ដែលត្រូវទៅទទួលភារៈកិច្ចថ្មី ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងធម្មការនិងសាសនា ។
លោក ស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ការផ្ទេរតំណែង ឬការរុះរើ កែសម្រួលគណៈរដ្ឋមន្ត្រីនេះ គឺធ្វើឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដំណើរការពាក់កណ្តាលអាណត្តិ ក្រោយពីការបោះឆ្នោត ជ្រើសតាំងរដ្ឋសភានីតិកាលទី៥នេះ ដើម្បីបន្តការងារឆ្ពោះទៅអណត្តិក្រោយៗទៀត។ ការផ្ទេរតំណែងនេះ គឺជាកិច្ចការធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចការកំណែទំរង់រដ្ឋបាល និងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលពី៣ របស់ខ្លួន។
លោកស្រី បានបន្ដថា ក្រោយពីទទួលបានតំណែងជារដ្ឋមន្ដ្រីនេះហើយ ត្រូវធ្វើកិច្ចការកែរសម្រួល និងជួយដោះស្រាយរាល់ភារៈកិច្ចល្អៗជួនដល់មន្ដ្រីរាជការជាថ្នាក់ដឹកនំានៅក្រោមឱវាទខ្លួនឲ្យបានដោយសមធម៌ ត្រូវយកវប្បធម៌សន្ទនាមកជជែកគ្នាលើតុ ដើម្បីធ្វើការដោះស្រាយកិច្ចការ ទាំងឡាយជូនប្រជាពលរដ្ឋ រស់នៅដោយសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រោះថាវប្បធម៌សន្ទនានេះ ប្រមុខរាជរដ្ឋាភិបាល ធ្លាប់មកអនុវត្តន៍ទទួលបាលជោគជ័យយ៉ាងល្អប្រសើរក្នុងការចរចាស្វែងរកសន្តិភាព ការចរចាបង្រួមបង្រួមជាតិតែមួយ ខ្មែរតែមួយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
លោកស្រីបន្ដថា៖ ដោយមានការដឹកនាំពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ តាមការ អនុវត្តន៍គោលនយោបាយឈ្នះ និងវប្បធម៌សន្ទនា បានធ្វើឲ្យសមភាពគោលនយោបាយជាតិបានល្អប្រសើរ ស្របតាមលទ្ធិប្រជាធិប្បតេយ្យធ្វើឲ្យអ្នកតំណាងរាស្ត្រទាំងអស់ ឯកភាពគ្នាធ្វើការងារក្នុងសមភាជាតិឡើងវិញ ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ ហេតុដូចនេះនៅក្នុងការដឹកនាំរបស់ នៅក្រសួង ធម្មការនិងសាសនា ទោះមកពីគណៈបក្សណា ក៏ដោយ ត្រូវគិតគូរពីផលប្រយោជាតិ ប្រជាជនជាធំ ដោយលើកយកបញ្ហាទាំងអស់ដាក់លើតុ មកពិភាក្សាគ្នា សន្ទនាគ្នាដោះស្រាយ តែមិនត្រូវយកជើងឆ្កឹស ឬប៉ែងគ្នានៅក្រោមតុឡើយ ។ លោកស្រីក៏បានផ្តាំផ្ញើរផងដែរ ដល់មន្ដ្រីនៅមន្ទីរក្រសួងគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ពង្រឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហា សេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
លោក ហ៊ឹម ឆែម ដែលបានទទួលតំណែងថ្មីជារដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនានេះ បានធ្វើការប្តេជ្ញាចិត្តថា៖ លោកនឹងយកអស់ប្រាជ្ញាស្មារតី និងចំណេះដឹងទាំងអស់បំពេញតួនាទីរបស់ខ្លួន ដែលរាជរដ្ឋាភិបាលមានទំនុកចិត្ត ឲ្យសម្រេចបានល្អប្រសើរ ដើម្បីកាត់បន្ថយរាល់សកម្មភាពការងារណា ដែលអសកម្មកន្លងមកឲ្យទទួលបានរលូន និងប្រកបដោយសមធម៏ ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកប្តេជ្ញាកសាងសាមគ្គីភាពផ្ទៃ ក្នុងជាមួយមន្ដ្រីជាថ្នាក់ដឹកនំានៅក្នុងក្រសួងធម្មការនិងសាសនា ក្រោមឱវាទឲ្យបានល្អ រួមគ្នាដឹកនាំរដ្ឋបាល ឲ្យវិសយ័សាសនា ទទួលបាន ភាពយុទ្ធតិ្ដធម៏ ជួនប្រជាពលរដ្ឋរស់នៅមានសណ្តាប់ធ្នាប់ និងមានសុខសន្តិភាពមានការអភិវឌ្ឍន៍ ៕
ដោយ៖ សំរិត
...