ភ្នំពេញ÷ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នៅខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ពយើងព្រមទាំងបាននិងបន្តផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយជីវភាពកងទ័ពឱ្យបានល្អប្រសើរ។
ជាមួយគ្នាដែរ លោកឧត្តមសេនីយ៍សូមកោតសរសើរនិងថ្លែងអំណរគុណស្ថាប័ន-អង្គភាពសម្ព័ន្ធមេត្រីភាព, បណ្តាក្រសួង-ស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែកជួយ ឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក ក្នុងបុព្វហេតុនៃការជ្រោមជ្រែងដល់ខឿនអប់រំបណ្តុះ បណ្តាលកងទ័ពនៃកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលាហ្វឹកហ្វឺន គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់កងទ័ព ក្នុងពេលបច្ចុប្បន្ន និងអនាគតហើយត្រូវការជាចាំបាច់នូវធាតុផ្សំសំខាន់ៗពីរ៖
-ទី(១) គឺជាធាតុរឹង សំដៅលើហេដ្ឋារច នាសម្ព័ន្ធ និងគ្រឿងបំពាក់នានា និង-ទី(២) គឺជាធាតុទន់ ហើយជាធាតុចាំបាច់ជាទីបំផុត ព្រោះសំដៅ ទៅលើគុណភាពនៃកម្មវិធីសិក្សា, សមត្ថភាពរបស់យោធាចារ្យ និងគុណភាពរបស់គណៈគ្រប់គ្រងប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយមានវិន័យតឹងរឹង ក៏ដូច ជាគុណភាពនៃ សិក្ខាកាមដែលចូលរួមវគ្គហ្វឹកហ្វឺនដើម្បីក្រេបជញ្ជក់នូវចំណេះ ដឹងយកទៅបម្រើអង្គភាព និងជាផលដល់អនាគតផ្ទាល់ខ្លួន។
លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត សូមឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមជួយកសាងលើកកម្ពស់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សឲ្យកាន់តែរឹងមាំរីកចម្រើន ហើយធានាបានគុណភាព បរិមាណបន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះ បណ្តាលនីមួយៗហើយបន្សល់ជាកេរ ដំណែលយូរឆ្នាំដល់កូនចៅជំនាន់ក្រោយៗទៀតៗ។
លោកឧត្តមសេនីយ៍ឯកក៏បានអបអរ សាទរ និងជូនពរដល់នាយទាហាន ដែលទទួលភារកិច្ចថ្មីក្នុងការដឹកនាំអង្គភាពឱ្យកាន់តែមានភាពជោគជ័យដែលជាការចូលរួមចំណែកក្នុងការជួយកសាងភាពរឹងមាំរបស់កងទ័ពហើយក៏ជាការផ្តល់នូវទំនុក ចិត្ត និងឱកាសដល់នាយទាហានក្នុងការចូលរួមដឹកនាំពង្រឹងស្ថាប័ន- កងឯកភាពក្រោមការទទួល ខុសត្រូវ ឱ្យបានរឹងមាំ និងរីកចម្រើនធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញ ភារកិច្ចបម្រើប្រជាជន និងការពារជាតិមាតុភូមិរបស់យើង។
ម្យ៉ាងវិញទៀត នេះក៏ជាការទទួលបាននូវឱកាសក្នុងការបង្កើតស្នាដៃសម្រាប់ឱ្យអ្នកជំនាន់ក្រោយមានការចងចាំ និងដើម្បីបង្ហាញសមត្ថភាពដឹកនាំការងារទៅដល់ថ្នាក់ ដឹកនាំរបស់ខ្លួន ដែលជាបច្ច័យមួយយ៉ាងល្អ ក្នុងការអភិវឌ្ឍអាជីពការងារបន្តទៅទៀត។ ដូច្នេះហើយសូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុងអង្គភាពឱ្យបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុងជាកត្តាចាំបាច់ណាស់ ក្នុងការកសាងស្ថាប័ន-អង្គភាពឈានទៅកាន់វឌ្ឍនភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមនាយហាន នាយទាហានរង និងពលទាហានគ្រប់ជាន់ថ្នាក់បន្តអនុវត្តតាមវិធាន ៣កុំ ៣ការពារ និងរាល់វិធានសុខាភិបាលទាំងឡាយក្នុងការរស់ នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ហើយទាមទារឱ្យមានភាពម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងការថែ រក្សាសុខភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ សហគមន៍ និងអង្គភាពពីការរាតត្បាត និងផលប៉ះពាល់នៃជំងឺនេះ៕
ដោយ៖ សូរិយា