ភ្នំពេញ, សេចក្តីជូនដំណឹង សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំការប្រកួតកីឡា ហែលទឹកទីឆ្ងាយ(Open Water) ជ្រេីសរេីសជេីងឯក ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភំ្នពេញ ។
សហព័ន្ធខ្មែរកីឡាហែលទឹក សូមជម្រាបជូនដំណឹងដល់ស្ថាប័ន សមាគម-ក្លឹបកីឡាហែលទឹក និងអ្នកសារព័ត៌មាន ទាំងអស់ ឱ្យបានជ្រាបថា ៖ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងរៀបចំការប្រកួតកីឡាហែលទឹកទីឆ្ងាយ (Open Water) ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តធ្វើឡើងនាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពញ ។ (ការប្រកួតក្នុងលក្ខខណ្ឌបិទខ្ទប់ ពុំមានអ្នកចូលទស្សនាឡើយ) មូលហេតុដែលបណ្តាលឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំការប្រកួតនេះ គឺដោយសារសហព័ន្ធកីឡាហែលទឹក អន្តរជាតិ (FINA) បានជំរុញឱ្យសហព័ន្ធជាតិទាំងអស់ដែលសមាជិកភាពរបស់ខ្លួននៅតាមបណ្តាប្រទេស ជួយបំផុសដើម្បី អភិវឌ្ឍវិស័យកីឡាហែលទឹកទីឆ្ងាយមួយនេះ ឱ្យកាន់តែរីកចម្រើន និងចង់ឱ្យមហាជនទូទៅស្គាល់ពីប្រភេទកីឡាមួយនេះ ក្នុងនោះដែរសហព័ន្ធខ្មែរកីឡាហែលទឹកក៏ជាសមាជិកភាពមួយរបស់សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដែលត្រូវ ចូលរួមដើម្បីលើកស្ទួយអភិវឌ្ឍវិស័យកីឡាហែលទឹកទីឆ្ងាយនេះផងដែរ និងចង់ជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ហែលទឹកក្នុងក្រុមជម្រើសជាតិ ឱ្យមានសកម្មភាពប្រកួតប្រជែង ព្រោះគិតចាប់ពីថ្ងៃខែកុម្ភៈ ឆ្នាំ២០២១ រហូតមកមិនទាន់ មានកម្មវិធីប្រកួតណាមួយឡើយ ដោយរៀងរាល់ថ្ងៃក្រុមជម្រើសជាតិត្រូវហ្វឹកហាត់បិទខ្ទប់ នៅក្នុងមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។
សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន ០២វិញ្ញាសា ៖
១. កីឡាករ ហែលចំងាយ ៥,០០០ម
២. កីឡាការិនីហែលចំងាយ ៣,០០០ម
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូម ស្ថាប័ន និងសមាគម-ក្លឹបកីឡាហែលទឹក និងអ្នកសារព័ត៌មាន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។
គណៈកម្មការរៀបចំការប្រកួត សូមរក្សាសិទ្ធកែប្រែនៅកម្មវិធីខាងលើនៅពេលណាមានការចាំបាច់ ៕
ដោយ, សិលា