អន្តរជាតិ៖ បេីយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP បានចុះផ្សាយថា មនុស្សយ៉ាងហោចចំនួន ៦នាក់បានស្លាប់ និងមនុស្សរាប់សិបនាក់ទៀតក៏បារម្ភជាប់នៅក្នុងគំនរបាក់បែក ខណៈមានករណីរលំអគារខ្ពស់មួយ នៅក្នុងរដ្ឋធានីពាណិជ្ជកម្មឡាហ្គោរបស់ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃចន្ទទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលអគារនោះកំពុងតែសាងសង់។ ទីភ្នាក់ងារ AFP បានរាយការណ៍ពីកន្លែងកើតហេតុ ដោយបញ្ជាក់ថា៖ គ្រឿងចក្រអេស្កាវ៉ាទ័រ ពណ៌លឿង បានកាយបេតុងចេញដើម្បីស្វែងរកអ្នកនៅរស់ពីគំនរអគារកម្ពស់ ២១ជាន់ នៅក្នុងសង្កាត់ពាណិជ្ជកម្ម និងលំនៅឋានមានស្តុកស្តុម្ភ អ៊ីកូយី របស់ទីក្រុងឡាហ្គោ។ បើតាមលោក អ៊ីប្រាហ៊ីម ហ្វារីនឡូយ៉េ មកពីទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បាននិយាយថា កម្មករជាច្រើននាក់ បានជាប់នៅខាងក្នុងអគារនៅពេលវាដួលរលំ ប៉ុន្តែពួកគេមិនអាចបញ្ជាក់ចំនួនមនុស្សដែលជាប់នៅខាងក្នុងបាននៅឡើយ ខណៈមនុស្សចំនួន ៤នាក់ត្រូវបានជួយសង្គ្រោះមកទល់ពេលនេះហើយ ចំណែកសាកសពមនុស្សចំនួន ៦នាក់ក៏ត្រូវបានទាញចេញពីកន្លែងកើតហេតុដែរ។ ដោយឡែកជុំវិញករណីនេះលោក បាបាជីដេ សានវ៉ូអូលូ ដែរ អភិបាលក្រុងឡាហ្គោ កាលពីយប់ថ្ងៃចន្ទម្សិលមិញនេះ ក្រោយហេតុការណ៍កេីតឡេីង ក៏បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្តទាំងយប់ងងឹត៕ដោយ៖ស តារា
រូបភាព៖AFP