ខេត្តសៀមរាប ៖ បទល្មើសនេសាទខុសច្បាប់នៅរដូវបិទការនេសាទត្រូវសមត្ថកិច្ចបង្រ្កាបមិនចេះអស់ប្រៀបដូចវែកចក ពោលបានន័យថា បង្រ្កាបពីមុខ កើតមានខាងក្រោយ នៅស្រុកសូទ្រនិគម។
ជាក់ស្តែងនៅថ្ងៃអង្គារ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ខេត្តសៀមរាប បានសហការជាមួយសង្កាត់ជលផលសូទ្រនិគម ការិយាល័យកសិកម្ម ធនធានធម្មជាតិ បរិស្ថាន និងកងរាជអាវុធហត្ថស្រុកសូទ្រនិគម ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគមខេត្តសៀមរាបពេញ១ថ្ងៃ។
សមត្ថកិច្ចចម្រុះបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចចម្រុះបានដកហូត និងកម្ទេចចោលនៅនឹងកន្លែងរួមមាន -កាប់បង្គោលឆ្នុកចំនួន ១០កន្លែង ស្មើនឹង ៤០ដើម
-ក្បាលបចំនួន ៧គ្រឿង
-របាំងសាច់អួន ៦០០ម៉ែត្រ
-ចម្រឹងចំនួន ៣០០ដើម និងលែងកូនត្រីចំនួន ១៥គីឡូក្រាមចូលក្នុងទឹកវិញ។
ប្រភពដដែលបានឲ្យដឹងទៀតថា បទល្មើសនេសាទត្រីខុសច្បាប់ដែលជនសង្ស័យប្រើប្រាស់ឧបករណ៍ពិសេសៗក្នុងការបំផ្លាញមច្ឆជាតិនេះ ត្រូវសមត្ថកិច្ចបង្រ្កាបជាបន្តបន្ទាប់តែក្រិមជនសង្ស័យមិនរាងចាលឡើយ ។ ផ្ទុយទៅវិញ ពួកគេនៅតែលួចប្រព្រឹត្តដដែលជាដដែល ។ ដូចនេះកម្លាំងសមត្ថកិច្ចចម្រុះត្រូវតែបង្រ្កាបគ្មានពេលបញ្ចប់ ជាពិសេសត្រូវចាប់ខ្លួនអ្នកប្រព្រឹត្តផ្ទាល់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕