ឱ្យឡើងស័ក្តិ មានតួនាទីក៏លឿនដកវិញក៏ទាន់ហេតុការណ៍ចំពោះនាយនគរបាលជាតិម្នាក់ទើបនឹងចូលបម្រើក្របខ័ណ្ឌនោះនៅខេត្តកណ្តាល

ចែករំលែក៖

ភ្នំពេញ៖ ខណៈដែលមន្ត្រីខ្លះភ្លេចខ្លួនជាអ្នកអនុវត្តច្បាប់ រហូតឈានដល់មជ្ឈដ្ឋានប្រជាពលរដ្ឋរិះគន់ ព្រោះតែឃើញប្រាសចាកពីតួនាទី ភារកិច្ចជាមន្ត្រីអនុវត្តច្បាប់ ប្រព្រឹត្តអំពើល្មើសឆ្គាំឆ្គងប៉ះពាល់ដល់សង្គម និងវិធានរដ្ឋបាល។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសម្រេចដកតួនាទីនិងឋានន្តរស័ក្តិពី
អធិការរងក្រុងតាខ្មៅម្នាក់ដោយសារប្រព្រឹត្តល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ ពេលបានឡើងស័ក្តិ តួនាទីភ្លាមប្រមូលគ្នាផឹកសុីល្មើសនឹងវិធានរដ្ឋបាល វិធានសុខាភិបាល។

សូមបញ្ជាក់ថា អធិការរងក្រុងតាខ្មៅម្នាក់ដែលផ្លោះឡើងពីនាយរងប៉ុស្តិ៍ព្រែកឫស្សី ដោយសប្បាយនឹងតួនាទីពេកបាននាំគ្នាជប់លៀងផឹកស៊ីបំពានបំរាមរដ្ឋបាលខេត្តកណ្ដាល ហើយឆ្លងកូវីដស្ទើរស្លាប់ស្ទើររស់ ថែមទាំងល្មើសបទបញ្ជា០០៦ វិន័យកងកម្លាំងនគរបាលជាតិ ពេលនេះត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតួនាទីនិងឋានន្តរស័ក្តិវិញហើយ។ នេះបើយោងតាមប្រកាស លេខ២៦៦៣ ប្រក ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។
នៅក្នុងប្រការ១ បានបញ្ជាក់ថា ត្រូវបានអនុវត្តវិន័យក្រោមរូបភាពដកហូតមុខតំណែងចំពោះវរសេនីយ៍ត្រីដន សុខរិទ្ធ អត្តលេខ ៧៨១៩៣ ពីអធិការរងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឱ្យមកជាមន្ត្រី និងដកអស់១ស័ក្តិទៀត។
ដោយមូលហេតុ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

គួរជម្រាបផងដែរថា លោកអនុសេនីយ៍ឯក ដន សុខរិទ្ធ អត្តលេខ៧៨១៩៣ ជាមន្ត្រីនគរបាលថ្មី
ខណៈទើបចូលបម្រើការងារមិនទាន់បានប៉ុន្មានឆ្នាំផង ត្រូវបានដំឡើងជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី ស្រាប់តែថ្មីៗនេះត្រូវបានតែងតាំងជាអធិការរងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល តាមប្រកាសក្រសួងមហាផ្ទៃ លេខ១៧៧៥ ប្រក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ទៀត។
លោកអធិការរងរូបនេះទើបទទួលបានប្រកាសភ្លាម បានបបួលមិត្តភក្តិ បនភឿននិងបក្សពួកជាមន្ត្រីនគរបាលដូចគ្នាផ្សេងៗទៀតបង្កើតកម្មវិធីជួបជុំ ជប់លៀង ផឹកស៊ីផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកណ្ដាល តាមមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានឆ្លងកូវីដ-១៩ ហើយបានចូលទៅសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័កសាលាគរុកោសល្យវិក្រឹតការខេត្តកណ្ដាលផងដែរ។ តាមរយៈទង្វើមិនស្របច្បាប់នេះហើយ ទើបថ្នាក់លើដកស័ក្តិ អនុវត្តវិន័យ ដកតួនាទី ហើយក៏ជាគំរូមួយធ្វើឱ្យមន្ត្រីចាស់ៗគាត់គាំទ្រចំពោះមន្ត្រីនគរបាលថ្មី ឡើងស័ក្តិលឿន ចុះវិញក៏ឆាប់ កាលបើមិនស្គាល់ថាខ្លួនជាអ្នកអនុវត្តច្បាប់ ជាអ្នកបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មិនមែនយកតួនាទីទៅសប្បាយ គ្រាប្រទេសកំពុងទប់ស្កាត់ជំងឺកូវីដ-១៩នោះទេ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print