ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពហិង្សាដោយចេតនា (វាយជនរងគ្រោះបណ្តាលឱ្យហើមភ្នែក ) នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីរសៀលត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ប៉ែន ដាវី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ចំណែកជនសង្ស័យឈ្មោះ ង្វៀង វុាំងញី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី០៥ ភូមិ០៣ សង្កាត់ច្រាំងចំរេះ១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។
សម្ភារដកហូតមានខ្សែក្រវាត់ចំនួន១។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើជនសង្ស័យបានសុំប្រាក់ជនរងគ្រោះទៅទិញថ្នាំញៀន តែជនរងគ្រោះប្រាប់ថាគ្មានប្រាក់ទេ ធ្វើឱ្យជនសង្ស័យខឹងក៏បានឈ្លោះប្រកែកគ្នានិងបានវាយជនរងគ្រោះបណ្តាលឱ្យជាំភ្នែកនិងវាយបងថ្លៃហើមភ្នែកដែរ ស្របពេលកម្លាំងល្បាតប៉ុស្តិ៍ឃើញក៏ជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំមកកាន់ប៉ុស្តិ៍ច្រាំងចំរេះ១។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងលើជនសង្ស័យ ទើបសមត្ថកិច្ចធ្វើការសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវចាត់ការតាមនីតិវិធី៕
ដោយ៖ ជីណា