ខេត្តកំពត៖ បុរសនិងស្ត្រី២នាក់បានស្លាប់យ៉ាងអណោចអធ័មនៅពេលដែលគេជិះម៉ូតូឌុបគ្នាចេញពីហូបការទៅផ្ទះ ដែលហេតុការណ៍រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកឈូកឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ទី១ឈ្មោះ ច្រេស រឿន ភេទប្រុស អាយុ៤០ឆ្នាំ និងទី២ឈ្មោះកែវ ស្រី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិដំរីកូន ឃុំជំពូវ័ន្ដ ស្រុកជុំគិរី ខេត្តកំពត។ មន្ត្រីខាងលើបានឲ្យដឹងទៀតថា រថយន្តបង្កមិនត្រូវបានគេស្គាល់ភិនភាគនោះទេ ព្រោះក្រោយកើតហេតុបានបើកគេចបាត់ពីកន្លែងកើតហេតុ។
ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនអ្នកបើករថយន្តបង្កបុកជនរងគ្រោះស្លាប់ទាំង២នាក់ខាងលើនេះដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅប្រគល់ឲ្យក្រុមគ្រួសារដើម្បីចាត់ចែងរៀបចំធ្វើបុណ្យ៕
ដោយ៖ សហការី