ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកកាស៊ើបសួរ។
គួររំលឹកថា នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១:១៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ប៊ុត កុល្លីនី ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ដេរសំលៀកបំពាក់ ស្នាក់នៅផ្ទះលេខ៩៥ ផ្លូវជាសុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួននៅចំណុច ក្នុងបុរីវិមានភ្នំពេញ ផ្លូវបេតុង សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនត្រូវចោទកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ៖ រ៉ារ៉ា