ភ្នំពេញ៖ កូនប្រសា និងកូនបង្កើត រួមគ្នាក្បត់ចិត្តម្តាយលួចលក់អចលនទ្រព្យ ដោយក្លែងលិខិតសាធារណៈ និងប្រើលិខិតសាធារណៈក្នុងតម្លៃទឹកប្រាក់ជិត១លានដុល្លារ ហើយត្រូវម្តាយក្មេកប្តឹងចាប់បញ្ជូនទៅតុលាការកាលពីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦ ម្សិលមិញនេះ ។
សមត្ថកិច្ចឲ្យដឹងថា បុរសរូបនេះឈ្មោះ ប៉ម សុផា អាយុ៥០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៣២ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ត្រូវបាន ម្ដាយក្មេក ឈ្មោះ អ៊ុត អឿន អាយុ៧៧ឆ្នាំនិងឈ្មោះ សាង ង៉ែត ភេទប្រុស អាយុ៥៧ឆ្នាំ ប្ដឹងចោទពីបទ រំលោភលើទំនុកចិត្ត លួចលក់អចលនវត្ថុអ្នកដទៃ បទក្លែងលិខិតសាធារណៈ និងបទ ប្រើលិខិតសាធារណៈក្លែង(លក់ដីទំហំ១១៥ម៉ែត្រគុណនឹង១១០ម៉ែត្រ)ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីឆ្នាំ ១៩៩៤ និងឆ្នាំ២០០២ ដើមបណ្ដឹងបានចូលលុយគ្នាទិញដីទំហំ១១៥ម៉ែត្រគុណនឹង១១០ម៉ែត្រ ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ជាអតីតភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន។ ក្រោយមក ក្នុងអំឡុងឆ្នាំ២០១៥ ដើមបណ្ដឹងបានឲ្យកូនប្រសាឈ្មោះ ប៉ម សុផា និងកូនបង្កើតឈ្មោះ សាង សេរី ជួយរកម៉ូយលក់ដីនេះ។លុះមកដល់ចុងខែធ្នូ២០១៥ ស្រាប់តែកូនប្រសានិងកូនបង្កើតលួចលក់ដីនោះក្នុងតម្លៃជិត១លាន ដុល្លារយកប្រាក់ ធ្វើជាប្រយោជផ្ទាល់ខ្លួនដោយមិនបានផ្តល់ចំណែកឲ្យដើមបណ្ដឹងនោះទេ។
ដោយ៖ ប្រាថ្នា