ខេត្តបាត់ដំបង÷នៅថ្ងៃសុក្រ ១ កើត ខែកត្តិក
ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់យោធភូមិភាគទី៥ ចំនួន ១៩៥នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ពិធីនោះមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង,នាយសេនាធិការ នាយសេនាធិការរង,នាយការិយាល័យ និង មេបញ្ជាការអង្គភាពចំណុះ យោធភូមិភាគទី៥។
មានប្រសាសន៍ថ្លែងកាន់អង្គពិធី លោកមេបញ្ជាការភូមិភាគ៥ឯក សំអូន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណបំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង ចូលពិការនិងសោធននិវត្តន៍ ដែលបានធ្វើពលិកម្មយ៉ាងច្រើនក្នុងការបំពេញភារកិច្ចកន្លងមក តាំងពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។
លោកឧត្តមសេនីយ៍ឯកបន្តថា ថ្វីត្បិត អស់លោក លោកស្រីបានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។
លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ដែលបានចេញពីជួរទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ សុំបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយសូមជួយផ្តល់បទពិសោធន៍ល្អៗដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រគល់ថវិការបស់សម្តេចតេជោ ដែលផ្តល់ជូនតាមរយៈ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនដល់យោធិនចូលនិវត្តន៍ និងយោធិនពិការ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២០០.០០០រៀល៕
ដោយ៖ សូរិយា