ខេត្តស្វាយរៀង៖ គ្រួសារដែលទើបសម្រាលបានកូនភ្លោះបីនាក់ត្រូវបាន សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ផ្ដល់ អំណោយនៅថ្ងៃទី៥ ខែវិច្ឆិកានេះ ដើម្បីជួយទំនុកបម្រុងការខ្វះខាត។
អំណោយជាថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ករស៥គីឡូក្រាម សារុង២ និងក្រមា២ ត្រូវបានលោក សេង ទៀង តំណាងសម្តេចទាំងពីរនាំយកទៅប្រគល់ជូនដល់គ្រួសារកូនភ្លោះបីដែលជាគ្រួសារទី៣៨២ កំពុងសម្រាកថែទាំសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ទារកភ្លោះទាំងបីនាក់នេះសម្រាលនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២១ តាមរយៈការវះកាត់ ជាកូនលើកទី២របស់ឪពុកឈ្មោះ ម៉ៅ សុ
ភ័ស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុឯកជន ម្តាយឈ្មោះ មាស សណ្ណា អាយុ២៧ឆ្នាំ មានមុខរបរបុគ្គលិកធនាគារឯកជន មានអាសយដ្ឋាននៅភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្នុងពិធីប្រគល់អំណោយនោះ លោក សេង ទៀង មានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ពោលគឺរយៈពេលជាង ២២ឆ្នាំកន្លងមកនេះមានគ្រួសារសម្រាលទារកភ្លោះបីនាក់ឬបួននាក់ចំនួន៣៨២គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភសប្បុរសធម៌ពីសម្តេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។
លោកបានបន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល ឬអំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្សដែលបម្រើឲ្យសកម្មភាព នយោបាយនោះទេ ផ្ទុយទៅវិញគឺជាអំណោយកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលបានសម្រាលទារកភ្លោះបី ឬបួននាក់។
តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខ លំបាកគឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។ មាតាបិតាកូនភ្លោះ មានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភនូវអំណោយទានដ៏សប្បុរសធម៌នេះ ជួយដល់គ្រួសារពួកគេ ពិសេសជួយចិញ្ចឹមបីបាច់ទារកភ្លោះបី។
មាតាបិតាកូនភ្លោះទាំងបី បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោកសូមជួយបីបាច់ថែរក្សាការពារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ ពលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងតរៀងទៅ៕