ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា នៅវេលាម៉ោង ៩ព្រឹកថ្ងៃសុក្រ ០១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយយោងប្រសាសន៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះផ្អាកទីតាំងការដ្ឋានសំណង់ ស្ថិតនៅផ្ទះលេខ១១៧A ផ្លូវលេខ៨០ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បេីតាមលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ បានបញ្ជាក់ថា ពេលក្រុមការងារចុះដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញថា ការដ្ឋានកំពុងជួសជុលមានពាក្យស្នើសុំជួសជុល និងបានចុះហត្ថលេខាបញ្ជូនដោយចៅសង្កាត់ស្រះចក ។ ការដ្ឋានបានរុះរើហើយសាងសង់បណ្តុះសសរ និងរាយដែកកំរាលប្លង់សេរួចរាល់ និងបន្តធ្វើការជួសជុល ។
ជាមួយគ្នានេះ ក្រុមការងារបានណែនាំដូចខាងក្រោម៖
ទី១; ម្ចាស់ផ្ទះ ត្រូវផ្អាកការងារជួសជុល និងសាងសង់ជាបណ្ដោះអាសន្ន ។
និងទី២, ម្ចាស់ផ្ទះ ត្រូវរុះរើសសរបេតុងចេញដោយទុកពេលចំនួន ០១សប្តាហ៍ ។ ក្រោយរុះរើសសរបេតុងរួចរាល់ ម្ចាស់ផ្ទះត្រូវបញ្ចប់បែបបទសុំជួសជុលឲ្យបានចប់សិន ទើបអាចបន្តការជួសជុលបាន ។
គួរបញ្ជាក់ថា ក្នុងករណី ម្ចាស់ផ្ទះ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ។ ក្រោយកំណត់ហេតុចប់ នៅវេលាម៉ោង១០ព្រឹកនាថ្ងៃខែឆ្នាំដដែល ៕
ដោយ៖ស តារា