ភ្នំពេញ, ខ្ញុំនិងភរិយាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល អនុប្រធានទី១នៃរដ្ឋសភាជាតិ ទទួលមរណភាពនៅថ្ងៃសុក្រ០១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១០:៣៦នាទីព្រឹក ក្នុងជន្មាយុ ៧៩ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យនិងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល គឺជាការបាត់បង់នូវលោកឪពុកនិងជីតា ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់តម្លៃនៃនីតិរដ្ឋប្រកបដោយ ឧត្តមគតិខ្ពង់ខ្ពស់ជាអនេកប្បការ ។
ខណៈខ្ញុំនិងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ងួន ញុិល សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ។
សូមលោកនិងលោកស្រី ព្រមទាំងក្រុមគ្រួសារនៃសព ទទួលនូវក្ដីរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ ៕
ដោយ , សិលា