ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៍មានពីកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថា ពលរដ្ឋខ្មែរចំនួន ៩នាក់ទៀតហើយ(ស្រី៣នាក់) ដែលបម្រុងលួចឆ្លងដែនទៅកាន់ប្រទេសថៃ រួមនិងមធ្យោបាយធ្វើដំណើរម៉ូតូចំនួន៣គ្រឿង ត្រូវបានកម្លាំងអន្តរគមន៍ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ កងការពារព្រំដែនលេខ៥០៣ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ២១ និង១០នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅលើដងផ្លូវ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជាក់ស្ដែងបេីតាមឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាក់ថា លោកតែងតែដាក់បទបញ្ជា យ៉ាងតឹងរឹងការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងការរឹតបន្តឹងសន្តិសុខព្រំដែន ទប់ស្កាត់ពលករ លួចឆ្លងដែន ជាពិសេសបានចាត់តាំងកម្លាំងចុះស៊ើបអង្កេតស្វែងរកមុខសញ្ញាមេខ្យល់ ដេីម្បីចាប់ខ្លួនបញ្ជូនឱ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កន្លងមកនេះត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះ ទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្ដែងបានឃាត់ខ្លួនពលករឆ្លងដែនជាបន្តបន្ទាប់ រួមបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងឃាត់ខ្លួនមេខ្យល់មួយចំនួនផងដែរ ហើយក៏បានបញ្ជូនទៅសមត្ថកិច្ចជំនាញ ចាត់វិធានការ តាមច្បាប់៕
ដោយ៖សហការី