ខេត្តកំពត: ររថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿងខ:កំពុងបើកបរលើផ្លូវសុខៗ ស្រាប់តែរេចង្កូតជ្រុលបុកបង្គោលគីឡូម៉ែត្រ រួចក្រឡាប់ បណ្តាលឱ្យអ្នកបើកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។
មន្រ្តនគរបាលចរាចរណ៍ស្រុកដងទង់បានឲ្យដឹងថា
អ្នកដែលបាត់បង់ជីវិតឈ្មោះ នូ ប៊ុនសុភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះ សើ ឡេស ភេទប្រុសអាយុ ៣០ឆ្នាំ រស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ប្រភពដដែលបានឲ្យដឹងទៀតថាកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែ វិច្ឆិកា នេះ មានរថយន្តម៉ាកតូយ៉ូតាព្រូសមួយគ្រឿង បានក្រឡាប់លើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១-៩២ បណ្តាលឱ្យអ្នកបរបាត់បង់ជីវិត និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់។ តាមស្លាកស្នាម ខណៈពេលកំពុងបើកបរក្នុងល្បឿនលឿនមកពីទិសខាងជើងមិនដឹងរឿងអី រថយន្តនេះបានរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រលេខ៩១ ពេញទំហឹងរួចក្រឡាប់ទាំងកំរោលតែម្តង។
ក្រោយមកកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកដងទង់បានចុះដល់គោលដៅឃើញបុរសម្នាក់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ទើបទំនាក់ទំនងហៅរថយន្តដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត។ ចំណែករថយន្តព្រូសពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2BL-5803 ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្អាង។
ដោយឡែកសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕