មកទល់ពេលនេះ មានពលរដ្ឋនៅជុំវិញពិភពលោក ជាង ៥០,៩%ហើយទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយមានវ៉ាក់សាំងរហូតដល់ទៅ ៧,២៥ពាន់លានដូសហើយបានចាក់ជូនពល។ សរុបក្នុងមួយថ្ងៃៗមានវ៉ាក់សាំងជាង២៧,២៣លានដូសបានចាក់ជូនពលរដ្ឋជារៀងរាល់ថ្ងៃ។
ប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនជាងគេគឺប្រទេសចិន បន្ទាប់មកគឺប្រទេសមានសេដ្ឋកិច្ចរីកចំរើន នៅតំបន់អឺរ៉ុប អាមេរិក។ ចំណែកប្រទេសក្រីក្រវិញទើបតែមានពលរដ្ឋ៤,១%ប៉ុណ្ណោះបានចាក់វ៉ាក់សាំង ។
ក្នុងចំណោមវ៉ាក់សាំងជាង៧,២៥ពាន់លានដូសចាក់ជូនពលរដ្ឋ ក្នុងនោះប្រទេសចិនបានចាក់ជូនពលរដ្ឋដល់ទៅ ជាង២,២៣ពាន់លានដូស ឈរលំដាប់ទីមួយលើពិភពលោក ពីចំនួនវ៉ាក់សាំងចាក់ជូនពលរដ្ឋ។
ប្រទេសចិនត្រូវបានគេមើលឃើញថា នៅតែមានសមត្ថភាពផ្ដល់ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួនរហូតដល់ទៅខ្ទង់១០លានដូស ឬលើសនេះទៀតក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់ជាងគេបំផុតមួយនៅលើពិភពលោក។
ប្រទេសចិនដែលមានប្រជាជនសរុបជាង ១,៤០០លាននាក់ បានប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 ផលិតក្នុងស្រុកផ្ទាល់ ដើម្បីចាក់ជូនដល់ប្រជាជនរបស់ខ្លួន។ សម្រាប់វ៉ាក់សាំងដែលផលិតដោយប្រទេសចិនដូចជា Sinovac និង Sinopharm ក៏ត្រូវបានបរិច្ចាគ និងផ្គត់ផ្គង់ ទៅតាមការបញ្ជាទិញពីប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរ ខណៈដែលវ៉ាក់សាំងទាំងពីរនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ជាផ្លូវការ៕ដោយ៖សាធី
រូបថត៖TTXVN-VNA.