ភ្នំពេញ ៖ ចរន្តភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសនៅតែមានការកើនឡើង ដោយចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាទទួលបានភ្ញៀវសរុប ១៧៤,៥៤៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ១៦៩,៥៣២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥,០១១នាក់។
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុទទួលបានភ្ញៀវ ៣៧,៦៤១ នាក់
* រាជធានីភ្នំពេញទទួលបានភ្ញៀវ ៣៥,២១០ នាក់
* ខេត្តកំពតទទួលបានភ្ញៀវ ១៦,៥០១ នាក់
* ខេត្តសៀមរាបទទួលបានភ្ញៀវ ១៥,១០០ នាក់
* ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវ ១០,៤៤៧ នាក់។
ជាការកត់សម្គាល់របស់លោក ថោង ខុន ទោះបីពុំមានថ្ងៃឈប់សម្រាកជាបុណ្យជាតិ ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែមានភាពសកម្មនៅរៀងរាល់ចុងសប្តាហ៍។
លោកបានបន្តថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ទូទាំងប្រទេសបានបើកដំណើរការទទួលភ្ញៀវទេសចរ ខណៈដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានផ្អាកសកម្មភាពកន្លងមក ក៏បានរៀបចំដើម្បីទទួលភ្ញៀវទេសចរ ក៏ដូចជាត្រៀមខ្លួនទទួលភ្ញៀវទេសចរនាពេលថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអុំទូកខាងមុខផងដែរ។
ចំពោះការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះបានសង្កេតឃើញថា ទាំងម្ចាស់មូលដ្ឋានអាជីវកម្ម និងភ្ញៀវទេសចរមានការយល់ដឹងកាន់តែប្រសើរ និងបានចូលរួមអនុវត្តវិធានការនានាកាន់តែសកម្ម ពិសេសវិធានការ «៣កុំ និង ៣ការពារ» ស្របពេលដែលរដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានបន្តជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្ម៕
ដោយ, សិលា