Update , សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ចែករំលែក៖

ភ្នំពេញ , នៅព្រឹកថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។ អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារទីស្ដីការក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់ដែលត្រូវដាក់ឲ្យប្រើប្រាស់នាពេលនេះទេ។ ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោបានមានប្រសាសន៍ថា នេះជាការរៀនរស់តាមកន្លងថ្មី ដែលយើងមានការកាត់បន្ថយចំនួនមនុស្សចូលរួម ជាក់ស្ដែងដូចជាអគារសាលប្រជុំនេះដែលកន្លងមកធ្លាប់តែដាក់មនុស្សជាង១,០០០ ពាន់នាក់ តែពេលនេះ យើងកាត់បន្ថយមកត្រឹមប្រមាណជាង៥០០នាក់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះយើងនឹងសម្ភោធអគារក្រសួងចំនួន៣ រួមមានក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានសម្ពោធរួច ក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ដែលសម្ពោធនាពេលនេះ និងនៅចុងឆ្នាំ២០២១ យើងនឹងសម្ពោធអគារទីស្ដីការក្រសួងការពារជាតិ ដែលនឹងត្រូវសម្ពោធចំខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះ​ ឈ្នះ គឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដាសតឿនរំលឹក ដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់អោយខិតខំបំពេញការងារអោយបានល្អប្រសើរ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា ត្រូវរួមថែរក្សាសមិទ្ធផលដែលកើតមាននេះអោយបានគង់វង្សប្រើប្រាស់អោយបានយូរអង្វែង មានកន្លែងធ្វើការល្អហើយ ត្រូវធ្វើការអោយមានប្រសិទ្ធភាព​ និងចំនុចមួយទៀតត្រូវចេះសន្សំ ទឹក ភ្លើង ផងដែរ។

នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវការណែនាំទៅកាន់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលទីនូវ៣ចំនុចសំខាន់:
១- ត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិអោយប្រជាពលរដ្ឋអោយបានឆាប់។
២- ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេសការដោះក្រៅប្រព័ន្ធតុលាការ ។
៣-ត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មន្ត្រីរាជការ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អោយជូបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការងារជាបន្តបន្ទាប់ទៀត។ មុននឹងបញ្ចប់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្ដល់គ្រឿងឥស្សរិយយសដល់មន្ត្រីមានស្នាដៃ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មួយចំនួនផងដែរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print