ខេត្តស្វាយរៀង: បុរសម្នាក់សង្ស័យពិបាកចិត្តមិនមានលុយបង់ធនាគារបានដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងផ្ទះរបស់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួយសង្គ្រោះ ប៉ុន្តែជាអកុសលយឹតពេលទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ តូច វណ្ណ: អាយុ៣៩ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងលោកគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យសព រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន ខណ:មិនមានស្លាកស្នាមសម្គាល់ថាជារឿងឃាតកម្មនោះទេ ដោយបុរសខាងលើបានយកខ្សែគោចងកនឹងរនងផ្នះរបស់ខ្លួន។
អ្នកភូមិបានឱ្យដឹងថា បុរសខាងលើនេះ
មុនកើតហេតុគឺមានទឹកមុខស្រងូតស្រងាត់មិនសូវនិយាយស្ដីទេ ដោយគ្រាន់តែប្រាប់ថាជិតដល់ថ្ងៃបង់លុយធនាគារហើយរកលុយមិនបានសោះ។
ក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាគាត់បានចងកសម្លាប់ខ្លួននៅនឹងរនងផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ យឹម សុថាន