អូស្ត្រាលី បានសម្រេចកម្ទេចនាវានេសាទ៣គ្រឿងរបស់ប្រទេសឥណ្ឌូនេស៊ី ដែលនេសាទខុសច្បាប់នៅក្នុងដែនទឹកប្រទេសអូស្ត្រាលី ហើយរឹបអូសយកទ្រព្យសម្បត្តិទាំងអស់នៅលើនាវានោះ។ តាមប្រភពព័ត៌មានពីកម្លាំងការពារដែនសមុទ្រអូស្ត្រាលី បានបញ្ជាក់ថា ខ្លួនចាប់បាននាវានេសាទរបស់ឥណ្ឌូនេសុី១៦គ្រឿងដែលនេសាទខុសច្បាប់ ស្ថិតនៅដែនសមុទ្រភាគខាងលិចអូស្ត្រាលី ហើយនាវា៣គ្រឿងក្នុងចំណោមនោះត្រូវបានកម្ទេចចោល។ ចំណែកនាវា១៣គ្រឿងទៀតបានបញ្ចូនចេញពីដែនសមុទ្រអូស្ត្រាលី។ ការចាប់នាវានេសាទខាងលើបានធ្វើឡើងក្នុងពេលដែលអូស្ត្រាលី បើកការយាមល្បាតតាមដែនសមុទ្ររយៈពេល៣ថ្ងៃដម្បីទប់ស្កាត់ក្រុមចោរសមុទ្រ ។ ចំនួននាវានេសាទចូលដែនសមុទ្រអូស្ត្រាលី កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមតួលេខរបស់ស្ថានប័នគ្រប់គ្រងការនេសាទខុសច្បាប់អូស្ត្រាលីបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២០មាននាវានេសាទខុសច្បាប់ចូលក្នុងដែនសមុទ្រអូស្ត្រាលីកើនឡើងដល់៨៥គ្រឿង ហើយបានបន្តកើនឡើង។ ក្នុងរយៈពេល៣ខែចុងក្រោយនេះ អូស្ត្រាលីបានទប់ស្កាត់នាវានេសាទខុសច្បាប់ដល់ទៅជាង១០០គ្រឿងដែលចូលដែនទឹកអូស្ត្រាលី៕ដោយសាធី
ប្រភពរូប៖ កងកម្លាំងព្រំដែនអូស្ត្រាលី.