ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា លោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មក ផ្លូវជាតិលេខ៥ ជាមួយទីភ្នាក់ងារ NEDA (ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង) តាមប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាជ្ញាធរ គយថៃ អភិបាលរងខេត្តបន្ទាយមានជ័យ មន្ត្រីជំនាញក្រសួង ទីប្រឹក្សាគម្រោង និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងដោយទីភ្នាក់ងារ NEDA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងគោលបំណងដើម្បីផ្លាស់ប្ដូរបទពិសោធន៍ទាក់ទងនឹងនីតិវិធីនិងបច្ចេកវិទ្យាត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន ដោយមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាគម្រោងទាក់ទងនឹងវឌ្ឍនភាពនៃគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ ផងដែរ។
សូមជម្រាបជូនថា៖ គម្រោងនេះនឹងមានការបំពាក់គ្រឿងម៉ាស៊ីនបរិក្ខារត្រួតពិនិត្យកាំរស្មើអិច (X-RAY) ហើយត្រូវធានាថាអាជ្ញាធរគយកម្ពុជា និងថៃប្រើប្រាស់គ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញ ដែលមានយថាប្រភេទបច្ចេកទេស និងស្តង់ដាដូចគ្នា ដើម្បីធានាឱ្យប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរអាចដំណើរទៅដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកនាយកគម្រោង បានជំរុញលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ ជាពិសេស អាជ្ញាធរគយនៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរគយនៃព្រះរាជាណាចក្រថៃសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាថាការបំពាក់ព័ន្ធគ្រឿងម៉ាស៊ីនបរិក្ខារស្កេនទំនិញនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ មានយថាប្រភេទបច្ចេកទេស និងស្តង់ដាតែមួយ ដើម្បីកុំឱ្យការងារត្រួតពិនិត្យទំនិញឆ្លងកាត់ព្រំដែនមានភាពយឺតយ៉ាវ និងបង្កភាពស្មុគស្មាញបន្ថែមទៀតដល់ការដឹកជញ្ជូន៕
ដោយ៖សហការី