ជនជាតិចិនបេីករថយន្តលេីកអីវ៉ាន់បញ្ច្រាសផ្លូវជ្រុលទៅបុកម៉ូតូបណ្តាលឱ្យនារីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តសម្រាប់លេីកអីវ៉ាន់ដោយបើកបញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុកម៉ូតូបណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ២៧១​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្តសម្រាប់ចូកលេីកអីវ៉ាន់​ដាក់ក្នុងទូកុងតឺន័រ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីជេីងទៅត្បូងទាំងបញ្ច្រាសទិសដៅចរាចរណ៍។ ខណៈបើកមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកស្គូពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញFN-0958 បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print