ប្រទេសថៃ : នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់អោយដឹងថា, កាលពីរាត្រីថ្ងៃទី០៩ ខែវិច្ឆិកា ២០២១ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អមដំណើរដោយលោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្ម បានចូលរួមកម្មវិធីពិសាអាហារពេលល្ងាច ជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ដឹកនាំដោយលោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ ដើម្បីពិភាក្សាពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានជម្រាបជូនប្រតិភូក្រុមហ៊ុន BCP អំពីគោលនយោបាយការទូតសេដ្ឋកិច្ច (ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌) យុទ្ធសាស្ត្រថៃបូក១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស ដែលមានបំណងពង្រីកធុរកិច្ចទៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍¬ពីភាពអនុគ្រោះពន្ធផ្តល់ដោយប្រទេសជាដៃគូរបស់កម្ពុជា។
ជាការឆ្លើយតប លោក Ittikhun Sihsobhon និងសហការី បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត ដែលបានចែករំលែកព័ត៌មានសំខាន់ៗ ស្តីពីកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីលើកស្ទួយបរិយាសកាសធុរកិច្ច និងវិនិយោគ។ លោកអនុប្រធានជាន់ខ្ពស់ ក៏បានសន្យាដឹកនាំសហការី ធ្វើទស្សនកិច្ចសិក្សាទៅកាន់ប្រទេសកម្ពុជានាពេលឆាប់ៗ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពធុរកិច្ចវិស័យប្រេងឥន្ធនៈ និងថាមពលបៃតង៕
ដោយ, សិលា