ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកខណៈអ្នកភូមិប្រទះឃើញបុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅមុខផ្ទះរបស់ខ្លួនដែលគេសង្ស័យថាថាប្រហែលជាជំងឺសរសៃប្រសាទរើឡើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១នៅចំណុចភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ចិន សារ៉េន ហៅយ៉ាន អាយុ៥៥ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងកងរាជអាវុធហត្ថក្រុងស្វាយរៀងសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង កម្លាំងប៉ុស្ត៏នគរបាលសង្កាត់ចេក គ្រូពេទ្យនៃមណ្ឌលសុខភាពចេក ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនត្យសាកសពឃើញថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីក្រៅពីកន្លែងចងកនោះទេ ដោយសពមានសភាពលៀនអណ្តាត និងមានចេញទឹកកាមតាមប្រដាប់ភេទ។
បន្ទាប់ពីពិនិត្យលើសាកសពរួច សមត្ថកិច្ចជំនាញ និងគ្រូពេទ្យសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត(ចងកសម្លាប់ខ្លួន) ប្រាកដមែន។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺបានលែងលះប្រពន្ធដោយសារតែគាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)យូរឆ្នាំមកហើយព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ ណាមួយគាត់ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍បាក់ជើងដោយបានគ្រូពេទ្យដាក់ដែកអបឆ្អឹងមិនទាន់បានយកចេញនៅឡើយ ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុផ្អើលថាគាត់បានចងកស្លាប់បាត់ទៅហើយ។
សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ យឹម សុថាន