ឃាត់ខ្លួនប្រធានមន្ទីរអធិការកិច្ច ពាក់ព័ន្ធករណីលេងល្បែងបញ្ជល់មាន់ នៅស្រុកឱរ៉ាល់ តែដោះលែងវិញ, ឥឡូវបែកធ្លាយអធិការស្រុកយកលុយពីកន្លែងបញ្ជល់មាន់ ម្តង២លានរៀល ហើយចាប់គេទៀត ?

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សមទេខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ ប្រើហិង្សាលើជនសង្ស័យ យកលុយពីទីតាំងបញ្ជល់មាន់ ចុងក្រោយចុះបង្ក្រាប ! ដោយសារបែកការណ៍ ឬអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព !
សូមរម្លឹកថា, សំណុំរឿងលោកប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ដែលស្ថិតក្នុងប្រតិបត្តិការ​បង្ក្រាបការបើកសង្វៀនបញ្ជល់មាន់ ក្នុងចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការហើយ កាលព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។  ប៉ុន្តែសមត្ថកិច្ចបញ្ជូនទៅតុលាការតែ៣នាក់ ដោយឡែកម្នាក់ដែលញៀនល្បែងបញ្ជាល់មាន់ ហើយមានតួនាទីជាប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ខេត្តកំពង់ស្ពឺ ត្រូវដោះលែងត្រឹមនគរបាល ដោយយកលេសថា គាត់ទៅលេងនោះមានភារកិច្ចកិច្ចការងារ(ហាសហា…! ) ។ ចំពោះជនសង្ស័យឃាត់ខ្លួនត្រូវបានសាច់ញាតិបញ្ជាក់ថា, នគរបាលនៅអធិការដ្ឋានស្រុកឱរ៉ាល់ បានប្រើហិង្សាផងដែរ។

សូមបញ្ជាក់ថា, សមត្ថកិច្ច បាន​បង្ក្រាប និងឃាត់ខ្លួនក្រុមអ្នកជល់មាន់ មួយក្រុម មានគ្នា ៤នាក់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ។ករណីបង្ក្រាបល្បែង​ជល់មាន់នេះ ហាក់មានការលាក់លៀម មិនអោយព័ត៌មានបែកធ្លាយទេ ព្រោះជាប់ពាក់ព័ន្ធ​នឹងលោកប្រធានមន្ទីរនោះតែម្តង ក្នុងគោលបំណងដោះលែងម្នាក់ទុក៣នាក់បញ្ជូនទៅតុលាការ។
អ្វីដែលមហាជន ក៏ដូចជាមន្ត្រីតូចតាចមានការងឿងឆ្ងល់ គឺនៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ គឺ លោកប្រធាន​មន្ទីរបែរជាដឹកនាំកិច្ចប្រជុំ ធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។ យោងតាមប្រភពពីមន្ត្រីនគរបាលស្រុកឱរ៉ាល់ បានប្រាប់ថា, ទីតាំងបនល្បែងបញ្ជល់នៅក្នុងស្រុកឱរ៉ាល់ ត្រូវបានសមត្ថកិច្ចនគរបាល ឆ្មក់ចូលបង្រ្កាប ​កាលពីថ្ងៃទី៥វិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែ​ហួសចិត្ត​ដោយសារតែមានអន្តរាគមន៍ និងការជួយជ្រោមជ្រែងពីអ្នកមានអំណាច ក្នុងខេត្ត ទើបមិនអោយមានព័ត៌មានបែកធ្លាយចេញក្រៅ។
ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ សារព័ត៌មានថា , មនុស្សទាំង ៤នាក់ ដែលឃាត់ខ្លួននៅកន្លែងបញ្ជល់មាន់មានដូចជា ៖ ១. ឈ្មោះ អ៊ិន សារ៉ន ប្រធាន មន្ទីរទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ។
២. ឈ្មោះ លីប លីម ថៅកែកាប់ជ្រូកនៅស្ទឹងមានជ័យ។
៣. ឈ្មោះ ជា គឿន ជាមន្ត្រីយោធា
និងទី៤. ឈ្មោះ ហាក់ លាប ថៅកែគ្រឿងចក្រ។ ប៉ុន្តែដោះលែងប្រធានមន្ទីរអធិការកិច្ច រហូតដល់មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, មន្ត្រីនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ធ្វើបែបនេះមិនមានភាពស្មើគ្នាតា ផ្លូវច្បាប់ អនុវត្តច្បាប់តែទៅលើបុគ្គលទន់ខ្សោយ ប្រជាពលរដ្ឋ ដល់ថ្នាក់ដឹកមន្ត្រីរាជក្នុងក្របខណ្ឌមុខងារសាធារណៈ បែរជាមិនឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការអោយមានភាពស្មើគ្នាចំពោះមុខច្បាប់។
ទីបំផុត ! មិនត្រឹមតែបែកធ្លាយសមត្ថកិច្ចដោះលែងប្រធានមន្ទីរអធិការកិច្ច និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ប៉ុណ្ណោះទេ គឺបែកធ្លាយអំពើពុករលួយយ៉ាងច្បាស់ក្រឡែតប្រព្រឹត្តដោយលោកអធិការនគរបាលស្រុកឱរ៉ាល់ យកលុយពីសង្វៀនមាន់ហើយ ដឹកនាំកម្លាំងមកបង្ក្រាបចាប់ទៀត ។
គេបានបង្ហើបថា, ទីតាំងបញ្ជល់មាន់នៅក្នុងចំការឬស្សី ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបង់លុយអោយ លោកអធិការនគរបាលស្រុក ពេលបញ្ជល់មាន់ម្តង ចំនួន២លានរៀល ហើយក្នុងអាទិត្យបញ្ជល់៣ថ្ងៃ ពេលដែលចុះបង្ក្រាបនោះបានត្រូវរ៉ូវគ្នាបើកដំណើរការបានជាង៥ខែទៅហើយ។
សាច់ញាតិជនសង្ស័យម្នាក់បានបញ្ជាក់ថា, ពេលដែលនគរបាលបានប្រើហិង្សាលើសាច់ញាតិគាត់ រហូតដល់មានរបួសស្នាម ហើយពេលឃាត់ខ្លួន ក៏មានប្រាក់ជាប់តាមខ្លួនចំនួន២៨០០ដុល្លារ ប៉ុន្តែខាងនគរបាលបង្ខំអោយសាច់ញាតាត់ដកយក៤០០ដុល្លារទៅ ទុក៤០០ដុល្លារដាក់ក្នុងកំណត់ហេតុ ហើយនៅសល់ពី២០០០ដុល្លារខាងនគរបាលគេដកយក តែសាច់ញាតិគាត់មិនព្រម សំខាន់តម្រូវអោយដាក់ក្នុងកំណត់ហេតុ២៨០០ដុល្លារជាក់ស្តែង។ ដោយសារតែមិនព្រមនេះឯង ទើបបង្កើតជាចងគំនុំគុំគួន យកទៅឃាំងឃាត់ខ្លួន យកដៃមកច្របាច់ខ្នោះអោយណែន ធ្វើអោយមានការឈឺចាប់បំផុត។
ជុំវិញបញ្ហានេះសាច់ញាតិជនសង្ស័យ និងជនសង្ស័យកំពុងសិក្សាជាមួយអ្នកច្បាប់ដើម្បីដាក់ពាក្យបណ្តឹងទៅខាងអធិការកិច្ចក្រសួងមហាផ្ទៃ ចំពោះលោក អធិការនគរបាលស្រុកឱរ៉ាល់ ប៊ុត ប៊ុនធឿន និងបក្ខពួក។
ពាក់ព័ន្ធនឹងការបង្ក្រាប ឈានដល់លេចឮថាប្រើហិង្សា បង់លុយពេលបើកបញ្ជល់មាន់ ហើយខាងជនសង្ស័យត្រៀមប្តឹងលោកអធិការនិងបក្ខពួកនោះ ។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ ២០២១ លោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ បានប្រាប់អង្គភាព«នគរដ្រេហ្គន»តាមទូរស័ព្ទថា៖ ខ្ញុំអត់ដឹងថាគេចង់និយាយពីអីទេ ព្រោះពាក់ព័ន្ធនឹងការបង្ក្រាប គឺបង្ក្រាប! រឿងបញ្ជ្ជូនគឺបញ្ជូនហើយ ! រឿងគេចោទប្តឹង ជារឿងរបស់គេ , តែចំពោះសំណួរថា, លោកបានទទួលប្រាក់ពីគេពេលបញ្ជល់មាន់ម្តង២លានរៀលៗ ? លោកអធិការបានបន្តថា៖ ខ្ញុំមិននិយាយ .. ខ្ញុំមិនឆ្លើយ .

អត់តបថាមេចទេ ! បើខាងបងចង់ដឹងពីខាងណា ទៅសួរខាងហ្នឹងទៅ។
សូមបញ្ជាក់ថា, បើលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានទទួលលុយពីគេហើយ ជាអំពើពុរលួយដែលឈានដល់មានការស៊ើបអង្កេតពីអង្គភាព និងស្ថាប័នពាក់ព័ន្ធ ខណៈខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ជាអ្នកអនុវត្តច្បាប់ បែរជាយកតួនាទីភារកិច្ច ដើម្បីជាថ្នូរនឹងការយកលុយចំពោះបនល្បែងនេះ?
សង្ឃឹមថា, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏ដូចជាស្ថាប័នអយ្យការ នឹងមានវិធានការក្នុងការស៊ើបអង្កេតស្រាវជ្រាវ ក៏ដូចជាចុះធ្វើអធិការកិច្ចឲ្យបានច្បាស់លាស់ ចៀសវាងមានការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print