ក្រសួងការពារជាតិកម្ពុជាប្រកាសប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើអមិត្តរបស់អាមេរិក

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់មតិជាតិ និងអន្តរជាតិឱ្យបានជ្រាបថា ថ្មីៗបំផុតនេះ ក្រសួងរតនាគារអាមេរិកបានបង្ហាញអំពីចរិតក្រអឺតក្រទមសាជាថ្មីទៀត តាមរយៈការប្រកាសជាឯកតោភាគីដាក់ទណ្ឌកម្មមកលើនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទនៅក្រោម ហេតុផល គ្មានមូលដ្ឋាន។ ក្រសួងការពារជាតិចាត់ទុកទង្វើនេះជាកាយវិការខ្វះវិចារណញ្ញាណ និងមានលក្ខណៈជាការបង្ករឿងឥតឈប់ឈរ។ ជាច្រើនលើកច្រើនគ្រាហើយ ដែលអាមេរិកព្យាយាមបំផ្លាញ“ នូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា មិនខុសពីអំពើពាលា យង់ឃ្នងដែលប្រទេសមហាអំណាចមួយនេះបានធ្វើមកលើប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀត ស្ទើរពាសពេញពិភពលោកឱ្យទទួលរងនូវភាពហិនហោចខ្លោចផ្សា ទាំងនៅក្នុង អតីតកាល ក៏ដូចជាក្នុងពេលបច្ចុប្បន្ន។

អាមេរិកនៅតែយកបញ្ហានៃការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមជាលេសសម្រាប់ធ្វើការគាបសង្កត់ ទោះបីជាកម្ពុជាខិតខំបង្ហាញអំពីភាពស្មោះត្រង់ សម្បទាន សុចរិត និងស្មារតីរក្សាមិត្តភាព យ៉ាងណាក៏ដោយ។ សម្រាប់បណ្តាមូលដ្ឋានរាមនេះ ក្រសួងការពារជាតិបានបកស្រាយជាច្រើនលើកច្រើនសាស្ទើរតែគ្រប់រូបភាព ដើម្បីបញ្ជាក់ថា អធិបតេយ្យ របស់ខ្លួនកំពុងត្រូវបានការពារយ៉ាងដាច់ខាត ហើយការធ្វើទំនើបកម្មនេះទៀតសោត ពុំមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសណាមួយដូចការចោទប្រកាន់ទាំងនោះទាល់តែសោះ។ ក្រសួងការពារជាតិ និងកងយោធពល ខេមរភូមិន្ទ តែងតែបង្ហាញនូវ
សុច្ឆន្ទៈ គោរពអធិបតេយ្យរបស់ប្រទេសដទៃ ដោយចាត់ទុកថា គឺជាការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក និងមិនចង់ឲ្យមានអរិភាពរវាងគ្នា។ ផ្ទុយទៅវិញ អាមេរិកតែងតែបំពានមកលើកម្ពុជាជានិច្ចកាល ដើម្បីតែផលប្រយោជន៍របស់ខ្លួន និងការកេងចំណេញនៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

ក្រសួងការពារជាតិសូមធ្វើការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើអមិត្តរបស់ អាមេរិក ហើយចាត់ទុកថា ការប៉ុនប៉ងប្រកបដោយមហិច្ឆតាឈ្នានីស និងទម្លាប់រំលោភលើអធិបតេយ្យរបស់អ្នកដទៃនេះ និងមិនបានទទួលជោគជ័យជាដាច់ខាត នៅក្នុងការធ្វើឱ្យកម្ពុជាត្រឡប់ទៅរកសោកនាដកម្ម ដែលបង្កឡើងដោយការជ្រៀតជ្រែតពីខាងក្រៅសាជាថ្មីទៀតនោះឡើយ ។ ទោះក្នុងតម្លៃណាក៏ដោយ យើងប្រកាន់ជំហររឹងមាំនៅក្នុងការការពារផលប្រយោជន៍របស់កម្ពុជា និងខិតខំកសាងទំនាក់ទំនងល្អជាមួយបណ្តាមិត្ត
ភក្តិទាំងឡាយដែលប្រកាន់យកសុច្ឆន្ទៈ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print