មកដឹងពីស្ថានភាពចុងក្រោយរបស់អតីតបេក្ខភាពកញ្ញាឯក ប្រាសាទ ដាវិ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២១កន្លងមកនេះមានការភ្ញាក់ផ្អើលនិងបង្ហាញពីក្តីអាណិតអាសូរជាខ្លាំងពីសំណាក់ទស្សនិកជន ពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា ក្រោយពីពួកគាត់ទទួលបានដំណឹងដ៏រន្ធត់មួយ គឺអតីតបេក្ខភាពបវរកញ្ញាចូលដល់វគ្គ Top10 នៃកម្មវិធីMiss Universe Cambodia 2020 គឺកញ្ញា ប្រាសាទ ដាវិ បានជួបគ្រោះថ្នាក់ចរាចរណ៍។ ហេតុការណ៍នេះ បានកើតមានឡើងក្រោយពីរថយន្តឈ្នួលបានបុកពីក្រោយពេញទំហឹងមកលើកញ្ញាប្រាសាទដាវិ ដែលកំពុងជិះម៉ូតូ បណ្តាលឱ្យនាងមានរបួសដ៏ធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
ស្ថានភាពចុងក្រោយដែលត្រូវបានបញ្ជាក់ដោយសាច់ញាតិរបស់តារាបង្ហាញម៉ូដរូបនេះបានឱ្យដឹងថា គឺរយៈពេល៣ថ្ងៃហើយដែលនាងនៅមិនទាន់បានដឹងខ្លួននៅឡើយទេ។ នេះបើយោងតាមការបញ្ជាក់របស់តារាកំប្លែងលោកស្រី ស៊ុន ណារីម៉ូនីកា ដែលត្រូវជាអ៊ំស្រី បានថ្លែងប្រាប់នៅមុននេះ។ លោកស្រីថា នាងដាវិ កម្រើកដៃបានតិចៗ ប៉ុន្តែនៅតែមិនដឹងខ្លួន ដែលមុននេះនាងត្រូវបានប្តូរពីមន្ទីរពេទ្យរដ្ឋមកកាន់មន្ទីរពេទ្យឯកជន ។ លោកស្រីបន្តថា ក្រុមគ្រួសារនៅតែអន្ទះសារង់ចាំដំណឹងនៃស្ថានភាពប្រសើរឡើងវិញ ហើយក្រុមគ្រូពេទ្យត្រូវការពេលវេលាបន្ថែមដើម្បីតាមដានស្ថានភាពសុខភាពរបស់នាងមុនពេលវះកាត់ដោយសារស្ថានភាពរបស់នាងប៉ះពាល់ដល់ដៃជើង ពិសេសត្រង់ផ្នែកខួរក្បាលតែម្តង។ លោកស្រីថា ក្រោយពីដឹងដំណឹងដំបូងគឺក្រុមគ្រួសារពិតជាមានការសោកស្តាយ និងថ្លែងនូវក្តីអាណិតរកគិតអ្វីមិនយល់ ហើយនៅតែរំពឹងថានាងអាចនឹងដឹងខ្លួនឡើងវិញ។ លោកស្រី ស៊ុន ណារីម៉ូនីកា ក៏ស្នើឱ្យអ្នកបើកបរនៅលើដងផ្លូវទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសអ្នកបើកបររថយន្តគ្រប់ប្រភេទត្រូវគោរពច្បាប់ចរាចរណ៍ កុំបើកបរក្នុងល្បឿនហួសកំណត់ និងត្រូវមានការយោគយល់អធ្យាស្រ័យផងដែរ។
ងាកមកមើលនៅលើបណ្តាញសង្គមឯណេះវិញទាំងសិល្បករ និងអ្នកគាំទ្រមួយចំនួនបានធ្វើការប្រកាសអំពីគណនីធនាគារដើម្បីធ្វើការបរិច្ចាគថវិកាទៅកាន់បេក្ខភាពកញ្ញាឯករូបនេះផងដែរ៕


ដោយ ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print