បញ្ហាក្តៅជាច្រើននឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំតាមអនឡាញរវាងប្រធានាធិបតីអាមេរិកចូ បៃឌិន នឹងប្រធានាធិបតីចិនស៊ី ជីនពីង ខណៈវិវាទប្រទេសទាំងពីរគឺធំធេងណាស់។ តាមគម្រោង មេដឹកនាំប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នាតាមអនឡាញនៅយប់ថ្ងៃទី១៥ខែវិច្ឆិកា (ពេលវេលាក្នុងតំបន់) ។ ខ្លឹមសារនៅក្នុងកិច្ចពិភាក្សាគឺផ្តោតជុំវិញបញ្ហាយោធារបស់ចិននៅជិតកោះតៃវ៉ាន បញ្ហាសិទ្ធិមនុស្ស ក៏ដូចជាការចូលរួមរបស់ប្រទេសទាំងពីរក្នុងការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។ លោក ស៊ី ជីនពីង និងលោក ចូ បៃឌិន នឹងជួបមុខគ្នាតាមប្រព័ន្ធវីដេអូជាលើកដំបូងនៅព្រឹកថ្ងៃអង្គារស្អែកនេះហើយ (ពេលវេលានៅប៉េកាំង ត្រូវនឹងល្ងាចថ្ងៃចន្ទ ពេលវេលានៅវ៉ាស៊ីនតោន) ខណៈសារព័ត៌មាននានានៅអាមេរិកបានចេញផ្សាយថា បញ្ហាវិវាទពាណិជ្ជកម្ម, បច្ចេកវិទ្យា, តំបន់ស៊ីនជាំង និងជាពិសេសគឺកោះតៃវ៉ាន់ នឹងក្លាយជាប្រធានបទក្តៅគគុក ដែលភាគីទាំងពីរនឹងត្រូវលើកទៅជជែកដេញដោលគ្នា។ ដោយឡែក, យោងតាមការចុះផ្សាយរបស់កាសែតចិន China Daily ជាភាសាអង់គ្លេស បានបញ្ចេញការសន្និដ្ឋានមួយនៅថ្ងៃចន្ទនេះថា លោក ស៊ី ជីនពីង ទំនងជានឹងបញ្ជាក់ពីគោលជំហរដ៏ច្បាស់លាស់របស់ទីក្រុងប៉េកាំង នៅក្នុងការធ្វើឱ្យចេតនាបង្រួបបង្រួមជាតិ (ជាមួយកោះតៃវ៉ាន់) សម្រេចបានជោគជ័យនៅអនាគតដ៏ខ្លីខាងមុខនេះ ទោះបីស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្ល៊ឹងគែន ក៏បានជួបសន្ទនាគ្នាតាមទូរស័ព្ទផងដែរ ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបតាមប្រព័ន្ធវីដេអូ រវាងលោក ស៊ី ជីនពីង និងលោក ចូ បៃឌិន ផងដែរ។ ក្នុងឱកាសនោះ លោក វ៉ាង យី បានព្រមានទីក្រុងវ៉ាស៊ីនតោនឱ្យបញ្ឈប់ការបញ្ជូនសញ្ញាខុសតទៅទៀតទៅកាន់ក្រុមចលនាគាំទ្រឯករាជ្យនៅតៃវ៉ាន់៕ដោយសាធី
រូបថត៖Reuters.
ប្រភពរូបថត៖The Hill.