ខេត្តកណ្តាល : ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គឺក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ចំពោះគណនីហ្វេសប៊ុកឈ្មោះ San San ,កាមទេព លីម ហុង រួមទាំងបណ្តាញសង្គមមួយចំនួនទៀតដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារថា «ប្រាប់តៗគ្នាផង សមត្ថកិច្ចចាប់ចោរកាច់កម៉ូតូនៅស្រុកកណ្តាលស្ទឹង ជាប៉ូលីសខេត្តកណ្តាល ១៥.១១.២០២១»។
ក្រោយពីទទួលបានព័ត៌មានខាងលើ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោស្នងការ បានចាត់ឱ្យលោកអធិការនគរបាលស្រុកខ្សាច់កណ្តាលស្រាវជ្រាវបំភ្លឺព័ត៌មានខាងលើជាបន្ទាន់។
+ផ្អែកតាមរបាយការណ៍បំភ្លឺរបស់លោកអនុសេនីយ៍ឯក ធឿន វណ្ណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ីធរ បានឱ្យដឹងថា៖
-នៅថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ១០និង២០នាទី កម្លាំងប៉ុស្តិ៍ព្រែកលួង ប៉ុស្តិ៍ព្រែកតាកូវ ប៉ុស្តិ៍វិហារសួគ៌ ប៉ុស្តិ៍សន្លុង ប៉ុស្តិ៍សុីធរ និងកម្លាំង៩១១7NG រួមជាមួយកម្លាំងជំនាញនគរបាល នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើការពួនស្ទាក់ និងប្រទាក់ក្រឡាគ្នា ដើម្បីបង្រ្កាបករណីអំពើលួច(ម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
-ចំណុច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
-ជនរងគ្រោះចំនួន០១នាក់៖
-ឈ្មោះ ជា សម្ផស្ស ភេទស្រី អាយ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអាកាសចរណ៍ស៉ីវិល មានទីលំនៅភូមិ-ឃុំកើតហេតុ។
+សម្ភារបាត់បង់៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA Scoopy ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-7125 (រកឃើញវិញ)។
+ជនសង្ស័យចំនួន០១នាក់៖
-ឈ្មោះ អ៊ុំ សៅសុភ័ក្រ ហៅភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតារ័ត្ន ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង (ឃាត់ខ្លួនថ្ងៃទី១៤.១១.២០២១ វេលាម៉ោង១៤:០០នាទី)
-លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)។
+វត្ថុតាងចាប់យក ៖
-ម៉ូតូចំនួន០១គ្រឿង ម៉ាកHONDA Scoopy ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-7125 (របស់ជនរងគ្រោះ)។
-ម៉ូតូម៉ាកស៉ីរូស ពណ៌ខ្មៅ លាយក្រហម គ្មានផ្លាកលេខ (របស់ជនសង្ស័យ)។
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន០២កញ្ចប់មធ្យមទម្ងន់(២៤,៧៨ក្រាម)។
+សភាភាពរឿងហេតុ៖
នៅថ្ងៃទី១៤.១១.២០២១ វេលាម៉ោង ៩:៣០នាទី ជនរងគ្រោះបានទុកម៉ូតូខ្លួនម៉ាកHONDA Scoopy ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1IS-7125 នៅមុខតូបកាហ្វេខ្លួនដោយមិនបានដកកូនសោរចេញពីម៉ូតូ ដល់ម៉ោង១០:២០នាទី ជនសង្ស័យបានជិះម៉ូតូម៉ាកស៉ីរូសមកដល់បានឈប់នៅទន្ទឹមនិងម៉ូតូជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះមកទិសខាងជើង ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោ និងជិះដេញតាមពីក្រោយជនសង្ស័យ ហើយបានទូរសព្ទរាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីទទួលព័ត៌មានភ្លាម លោក អធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងប៉ុស្តិ៍ទាំង១៨ប៉ុស្តិ៍ តាមវិទ្យុទាក់ទងឱ្យឡើងចេញតាមគោលដៅពួកស្ទាក់មុខសញ្ញាខាងលើ ដល់ម៉ោង១១:០០នាទី ជនសង្ស័យបានជិះម៉ូតូជនរងគ្រោះមកដល់ក្នុងឃុំស៉ីធរតាមផ្លូវជាតិលេខ៨ ក៏ផ្តួលម៉ូតូរត់ចូលក្នុងព្រៃ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស៉ីធរ ប៉ុស្តិ៍កំពង់ចំលង ប៉ុស្តិ៍សន្លុង ប៉ុស្តិ៍វិហារសួគ៌ ស្ទាក់ឃាត់ជនសង្ស័យ បាន ហើយបញ្ជូនជនសង្ស័យនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី។ បន្ទាប់ពីសាកសួរហើយក៏ប្រគល់ម៉ូតូទៅឱ្យជនរងគ្រោះវិញ ពេលជិះម៉ូតូទៅដល់ផ្ទះជនរងគ្រោះបានបើកឃ្លុបមុខចំហៀងខាងឆ្វេងក៏ឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ ក្នុងឃ្លុបម៉ូតូនោះរួចរាយការណ៍ និងយកថ្នាំញៀនប្រគល់ជូនសមត្ថកិច្ចនគរបាល។
+នៅចំពោះមុខសមសមត្ថកិច្ច ឈ្មោះ អ៊ុំ សៅសុភ័ក្រ បានឆ្លើយសារភាពថាថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់មធ្យមនេះពិតជារបស់ខ្លួនដែលទិញពីឈ្មោះ ប៊យ ភេទប្រុសនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ តម្លៃ៤០០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អ៊ុំ សៅសុភ័ក្រ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងកសាងសំណុំរឿងតាមនីតិវិធី។
អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សូមធ្វើការបដិសេដទាំងស្រុងចំពោះការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានមិនពិត ព័ត៌មានបំពុលសង្គម ចោទប្រកាន់លោកអនុសេនីយ៍ ធឿន វណ្ណា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ីធរ ថាជាចោរ ព្រោះមុខមាត់ និងឈ្មោះជនសង្ស័យគឺខុសគ្នាទាំងស្រុង ចំណែកករណីខាងលើកើតហេតុនៅស្រុកខ្សាច់កណ្តាល មិនមែននៅស្រុកកណ្តាលស្ទឹងនោះទេ។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ៕
ដោយ, សិលា