ភ្នំពេញ ៖ បុរសម្នាក់ មានជម្ងឺសសៃប្រសាទប្រចាំកាយ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ចុះឃាត់ខ្លួន បន្ទាប់ពីវាយធ្វើបាបឪពុកម្ដាយរួមនិងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្លូវលេខ៧ ក្នុងបុរីពិភពថ្មីចំការដូង ភូមិសំបួរ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានវាយធ្វេីបាបឪពុកម្ដាយចាស់ៗបណ្ដាលឲ្យរងរបួស ស្របពេលនោះពួកគេក៏បានចូលទៅជួយនិងបានដឹកឪពុកម្ដាយរបស់បុរសខាងលើយកទៅធ្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ ហេីយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចុះជួយធ្វើអន្តរាគមន៍ ។ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះទៅដល់កន្លែងកើតហេតុ បុរសខាងលើក៏បានទាញដំបងនិងកាំបិតដេញវ៉ៃនិងដេញចាក់ទៅលើសមត្ថកិច្ចថែមទៀត ។ បន្ទាប់មកលោក តុល តូនី នាយនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានរាយការណ៍ទៅខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីចុះមកជួយបន្ថែម និងធ្វើការឃាត់ខ្លួនបុរសខាងលេីដាក់ចូលរថយន្តដឹកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។
ក្រោយពីសមត្ថកិច្ចជំនាញយកបុរសខាងលើទៅដល់អធិការដ្ឋានខណ្ឌដង្កោ ស្រាប់តែមានសាច់ញាតិរបស់បុរសបង្កហេតុទៅធានាយកបុរសខាងលេីមកវិញ ដោយសារតែបុរសខាងលើមានជំងឺប្រសៃប្រសាទប្រចាំកាយពេលដែលជំងឺធ្វើទុក្ខម្ដងៗតែងតែវាយធ្វើបាបឪពុកម្ដាយបែបនេះមិនថារបស់របរនៅក្នុងផ្ទះ ។ ខណៈមិនមានពាក្យបណ្ដឹងពីក្រុមគ្រួសារផងនោះ សមត្ថកិច្ចក៏អនុញ្ញាតឲ្យបុរសដែលមានជំងឺសរសៃប្រសាទប្រគល់ឲ្យទៅក្រុមគ្រួសារវិញ ហើយក្រុមគ្រួសារក៏បានយកបុរសខាងលើទៅមណ្ឌលកែប្រែផ្លូវចិត្តដើម្បីព្យាបាលជំងឺ ៕
ដោយ ៖ ភារ៉ា ដង្កោ