ករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេសបារាំង កើនឡើងខ្ពស់ គួរឲ្យបារម្ភ ដោយក្នុងរយៈពេល មួយថ្ងៃ មានករណីឆ្លងកូវីដ១៩ ដល់ទៅជិត២ម៉ឺននាក់នៅថ្ងៃទី ១៦ខែវិច្ឆិកា។ តាមការលើកឡើងរបស់ក្រសួងសុខាភិបាលបារាំង បានបញ្ជាក់ថា នៅថ្ងៃទី១៦ខែវិច្ឆិកានៅទូទាំងប្រទេសបារាំង មានករណីឆ្លងកូវីដ ១៩ ដល់ទៅ១៩.៧៧៨នាក់ គឺកើនឡើងជិតទ្វេដងបើប្រៀបធៀបនឹងថ្ងៃធម្មតាមានករណីឆ្លងប្រមាណ១១ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ។ ចំនួនអ្នកជំងឺត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក៏បានកើនឡើងខ្ពស់ផងដែរគឺមានរហូតដល់ទៅ៧៥០០នាក់ និងស្លាប់ ៤៨នាក់ក្នុងពេល២៤ម៉ោង។ បើទោះបីមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានបញ្ជាក់ថា ស្ថានភាពកូវិដ១៩ នៅក្នុងប្រទេសបារាំង គឺមិនទាន់ធ្លាក់នៅក្នុងដំណាក់កាលធ្ងន់ធ្ងូរដូចជាប្រទេសជិតខាងនោះឡើយ ។ បារាំងមានជំនឿចិត្តទៅលើការចាកវ៉ាក់សាំង ដោយមិនទានមានគម្រោង បិទប្រទេសសាជាថ្មីនៅឡើយទេ។ មកទល់ពេលនេះមានពលរដ្ឋបារាំងជិត៧៥ពាន់នាក់ បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ហើយមានពលរដ្ឋជាង ៥លាននាក់បានចាក់វ៉ាក់សាំងផ្តាសាយ ។ តាមគម្រោង បារាំងនឹងបង្កើនការចាក់វ៉ាក់សាំងដូសជំរុញដលពលរដ្ឋដែលមានអាយុពី ៥០ ឆ្នាំ ឡើង។ ចំពោះកុមារដែលមានអាយុចាប់ពី៥ដល១២ឆ្នាំ។ ការចាក់វាក់សាងជូនកុមារគឺត្រូវរងចាំការបើកភ្លើងខៀវពីសហគមន៍អឺរ៉ុប។ តាមរបាយការណ៍របស់រដ្ឋាភិបាលបារាំងបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង នឹងជួយកាត់បន្ថយចំនួនអ្នកស្លាប់ក៏ដូចជា ធ្លាក់ខ្លួនឈឺធ្ងន់ក្រោយពេលឆ្លងកូវីដ១៩ ៕ដោយ៖សាធី
រូបថត៖CNEWS.