ភ្នំពេញ : អគ្គលេខាធិការដ្ឋានរដ្ឋសភាមានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា សភា នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភា អាស៊ី-អឺរ៉ុប លើកទី១១ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមមូលបទ “ការពង្រឹងភាពជាដៃគូ សភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិ កូវីដ-១៩ (Strengthening Parliamentary Partnership for Peace and Sustainable Development in the Era of COVID-19 and Beyond) 1
នេះជាលើកទី១ សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលបានរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិត ក្នុងកាលៈទេសៈដែលសកលលោក កំពុងរាតត្បាតដោយជំងឺកូវីដ១៩ ហើយគណៈប្រតិភូទាំងអស់មិនអាចអញ្ជើញមកជួបជុំគ្នាដោយ ផ្ទាល់បាន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីសមត្ថភាព លទ្ធភាពនិងធនធានមនុស្ស បច្ចេកទេស ដែលកម្ពុជាមានប៉ុណ្ណោះទេ តែបានបង្ហាញពីការចូលរួមយ៉ាងសកម្ម និងនៅគ្រប់កាលៈទេសៈ របស់សភាកម្ពុជាក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាពលរដ្ឋជាសកល តាមយន្តការសភា យកការសន្ទនាជាធំ សាមគ្គីភាពជាអន្តរជាតិ និងពហុភាគីនិយម។ លើសពី នេះទៅទៀតព្រឹត្តិការណ៍ជាអន្តរជាតិនេះ ជាឱកាសសម្រាប់កម្ពុជាបានបង្ហាញប្រពៃណី និងវប្បធម៌ ដ៏រុងរឿងរបស់ខ្លួន ដល់អន្តរជាតិស្គាល់កាន់តែច្បាស់ ពិសេសសក្ដានុពលវិស័យទេសចរណ៍ និង ការវិនិយោគនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ ក្រោយពីវិបត្តិកូវីដ១៩នោះ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលបានប្រព្រឹត្តទៅពេញ មួយថ្ងៃ មានសមាជិកសភា មកពីប្រទេសចំនួន៣១ នៅក្នុងតំបន់អឺរ៉ុប និងអាស៊ី រួមជាមួយអង្គការ ជាដៃគូចំនួន២ គឺសភាអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន រួមជាមួយភ្ញៀវរបស់សភាម្ចាស់ផ្ទះ ដែលមាន អាស៊ែបៃហ្សង់ មជ្ឈមណ្ឌលសភាអាស៊ី និងសមាគមអន្តរជាតិ នៃសមាជិកសមាជិកា សភាដើម្បីសន្តិភាព នៃសហព័ន្ធសន្តិភាពសាកល ផងដែរ។ កិច្ចប្រជុំបានពិភាក្សាគ្នាលើបញ្ហា ប្រឈមសំខាន់ៗ ដែលកំពុងកើតមាននៅតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូលបានកំពុងជួបប្រទះ រួមមានបញ្ហាជំងឺរាតត្បាតជាសកល សន្តិភាព និងសន្តិសុខ ការស្ដារសេដ្ឋកិច្ចសង្គម ឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានជាតិ ប្រកបដោយនិរន្តរភាពជាដើម។
ពិធីបើកកិច្ចប្រជុំជាផ្លូវការ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកនៃកិច្ចប្រជុំជាផ្លូវការ ដោយមានវត្តមានរបស់ លោកស្រី Heidi HAUTALA អនុប្រធានសភាអឺរ៉ុប ចូលរួមផងដែរ។
ក្នុងនាមសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាសហប្រធាន ASEP11 បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានគណៈប្រតិភូទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំ ដ៏មានសារៈសំខាន់សម្រាប់ពលរដ្ឋនៅក្នុងទ្វីបអាស៊ីនិងអឺរ៉ុប ក៏ដូចជាពលរដ្ឋនៅក្នុងពិភពលោក ទាំងមូល។ សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា មូលបទស្ដីពី “ការលើកកម្ពស់ភាពជា ដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិ កូវីដ-១៩ ដែលសភាកម្ពុជាកំណត់យក បានទទួលការគាំទ្រពីប្រទេសជាសមាជិក មានសារៈ សំខាន់ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន និងចក្ខុវិស័យទៅអនាគត ខណៈដែលទាំងអស់គ្នាកំពុង ធ្វើដំណើរឆ្លងកាត់វិបត្តិកូវីដ១៩ និងខំខំប្រឹងប្រែងឆ្ពោះទៅរកការស្ដារសង្គម សេដ្ឋកិច្ចឡើងវិញ នៅក្នុងយុគសម័យក្រោយវិបត្តិកូវីដ១៩។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជក់ អំពីសារៈសំខាន់នៃតួនាទីរបស់ ASEP ក្នុងការលើកស្ទួយកិច្ចពិភាក្សាប្រកបដោយសន្តិភាព ដោយ អនុលោមតាមច្បាប់អន្តរជាតិ អធិបតេយ្យភាព ឯករាជ្យភាព និងការមិនជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុង និងការធ្វើឱ្យប្រសើរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 បានគូសបញ្ជាក់ថា ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ីនិងអឺរ៉ុប ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរ នៅតែជួបបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ ប្រជាពលរដ្ឋ។ ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ តំបន់ ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាច ដែលជាឃ្នាស់អាចបង្កឱ្យ មានសង្គ្រាមក្នុងរូបភាពណាមួយក៏ថាបាន។
ក្នុងនាមសហប្រធានកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបនេះ សម្តេចអគ្គមហាពញាចកី ហេង សំរិន បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះ(ASEM) នាឱកាសប្រារព្ធ ខួបលើកទី២៥ ព្រមទាំងសម្តែងនូវការសាទរចំពោះសមិទ្ធផលសំខាន់នានា ដែលសម្រេចបានក្រោមសរសរស្ដមទាំងបី នៃកិច្ចសហប្រតិបត្តិការតំបន់ទាំងពីរ រួមមាន នយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ សង្គមវប្បធម៌ និងអប់រំ។
សូមអាននូវខ្លឹមសារទាំងពី សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដូចខាងក្រោម ៕
ដោយ, សុខ ខេមរា