នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅថ្ងៃទី១៦ខែវិច្ឆិកា បានជិះយន្តហោះដឹកជញ្ជូនយោធាធុនធំ Hercules ចុះចតនៅលើផ្លូវរថយន្តល្បឿនលឿនដែលទើបតែកសាងរួចរាល់។ នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ទីនោះគឺដើម្បីសម្ពោធផ្លូវដែលមានឈ្មោះថា Purvanchal ។ ចំណុចពិសេសនៃផ្លូវល្បៀនលឿនខាងលើ គឺអាចបម្រើទាំងវិស័យសុីវិលក្នុងការធ្វើរាចរណ៍ នឹងក្លាយជាផ្លូវសម្រាប់ចុះចតយន្តហោះក្នុងពេលមានអាសន្នកើតឡើង។ សារព័ត៌មាន Straitstimes បានផ្សាយថា យន្តហោះដឹកជញ្ជូន C-130J Hercules ដឹកនាយករដ្ឋមន្ត្រី Modi បានចុះចតនៅលើផ្លូវ Purvanchal ដែលជាផ្លូវល្បឿនលឿនថ្មីនៅក្នុងរដ្ឋ Uttar Pradeh ។ ក្រោយមក យន្តហោះចម្បាំង Mirage និងយន្តហោះ Su -30MKI របស់កម្លាំងទាហានអាកាសឥណ្ឌាក៏បានប្រើប្រាស់ផ្លូវនេះសម្រាប់ការហោះហើរសម្តែង។ នៅក្នុងពិធីសម្ពោធផ្លូវនោះ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា «ចំពោះឥណ្ឌា ការរីកចម្រើន ភាពរុងរឿងគឺសំខាន់ដូចនឹងសន្តិសុខជាតិដែរ។ ផ្លូវល្បឿនលឿននេះបានចូលរួមនៅក្នុងការពង្រឹងកម្លាំងទាហានអាកាសរបស់យើងកាន់តែប្រសើរឡើង»។ ក្រៅពីផ្លូវ Purvanchal ឥណ្ឌានៅមានផ្លូវមួយទៀតដែលអាចប្រើប្រាស់សម្រាប់ស៊ីវិលនិងយោធា ស្ថិតនៅរដ្ឋ Rajasthan ជាប់ព្រំដែនប្រទេសប៉ាគីស្ថាន។ រដ្ឋាភិបាលទីក្រុងញូវដេលីមានគម្រោងកសាងផ្លូវល្បឿនលឿនចំនួន១២ខ្សែ សម្រាប់បម្រើវិស័យស៊ីវិល និងយោធាក្នុងពេលប្រឈមមុខតានតឹងជាមួយប្រទេសជិតខាង ចិន និងប៉ាគីស្ថាន៕ ដោយសាធី
រូបថត៖Tienphong.vn.