ខេត្តបាត់ដំបង ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ចំនួន៦៤២ គ្រួសារ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ដោយបានការគិតគូរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាក់ស្តែងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចាត់ លោកស្រី ហួន ច័ន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា-អនុសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ចំនួន ៦៤២គ្រួសារ រស់នៅភូមិចំនួន២៤ ឃុំចំនួន៣ ក្នុងស្រុកមោងឫស្សី និងភូមិចំនួន៣០ ឃុំចំនួន៥ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដោយក្នុងនោះក្រុមការងារធ្វើការចែកចាយចំនួន២ទីតាំងផ្សេងគ្នា រួមមាន៖ នៅក្នុងវិទ្យាល័យមោងឫស្សីចំនួន ៣៣០ គ្រួសារ និងសាលាស្រុកគាស់ក្រឡ ចំនួន ៣១២គ្រួសារ សរុបចំនួន ៦៤២គ្រួសារ។

មានមតិសំណេះសំណាលនាពេលនោះ លោកស្រី ហួន ច័ន្ទបូរ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនាពេលនេះ។

លោកស្រី បានពាំនាំនូវសារអំពាវនាវបន្ថែម ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនដល់បងប្អូនទាំងអស់ ៖
១. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យ និងត្រូវបរិភោគទឹកស្អាត ហូបស្អាត ជៀសវាងកើតជំងឺដង្កាត់ផ្សេងៗ
២. សូមក្មួយៗដែលជាស្ត្រីមានផ្ទៃពោះ និងជិតសម្រាលកូនទាំងអស់សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន៤ដងមុនពេលសម្រាល និងនាំទារកទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ចំនួនដើម្បីបង្ការពីជំងឺផ្សេងៗ
៣.ត្រូវរៀបចំបង្កបង្កើនផលដាំដុះឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរថែមទៀត
៤.សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ ចំពោះយាន យន្តកសិកម្មដែលធ្វើដំណើរលើផ្លូវជាតិទាំងអស់ត្រូវមាន ភ្លើងបំភ្លឺ មានចំណាំងផ្លាតត្រឹមត្រូវ ព្រោះអត្រាគ្រោះថ្នាក់ ចរាចរណ៍សព្វថ្ងៃនៅតែខ្ពស់
៥.សូមរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្របតាមពាក្យស្លោក “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩” ដោយអនុវត្តតាមវិធាន ៣ការពារ ៣កុំ និង២ចូលរួម ប្រកបដោយស្មារតីប្រុងប្រយ័ត្នជានិច្ច និងរស់នៅតាមបែបគន្លងថ្មី។ លោកជំទាវក៏បានមានប្រសាសន៍បន្តថា « កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈ មានឋានៈស្មើមុខស្មើមាត់លើឆាកជាតិ-អន្តរជាតិ ក្នងវប្បធម៌ចែករំលែកប្រកបដោយភាពស្និតស្នាលបំផុត ក្នុងការផ្តល់ជំនួយមនុស្សធម៍ ដល់បណ្តាប្រទេសជាមិត្តដែលជួបការលំបាក ដែលរងគ្រោះដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗជាដើម»។

ជាមួយគ្នានេះដែរ លោក សុខ លូ បានមានប្រសាសន៍ថា «ក្នុងនាមប្រជាពលរដ្ឋខេត្តបាត់ដំបង សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹកជាទីបំផុត សម្តេចទាំងពីរមិនត្រឹមតែជួយដល់បងប្អូនដែលមានជីវភាពខ្វះខាតនោះទេ តែសម្តេចទាំងទ្វេគឺជាព្រះរស់របស់ពួកយើងទាំងអស់គ្នា បើមិនមានលោកទាំងពីរខិតខំអស់ពីកម្លាំងកាយ-ចិត្ត ក្នុងការស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋយើងទេ ប្រហែលពេលនេះយើងពុំទាន់អាចគ្រប់គ្រងការចម្លងជំងឺកូវីដ-១៩បានទេ ដើម្បីតបស្នងនូវគុណបុណ្យដ៏ធំធេងមួយនេះ សូមពុកម៉ែបងប្អូនទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា»។

គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប។

សូមបញ្ជាក់៖ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្រេចផ្តល់អំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងងាយរងគ្រោះបំផុតសរុបចំនួន ២.៧៨៦គ្រួសារ (ក្នុងនោះ ខេត្តរតនគិរី ១,៣៦៧គ្រួសារ, ខេត្តកំពង់ធំ ៧៧៧គ្រួសារ, ខេត្តបាត់ដំបង ៦៤២គ្រួសារ)៕

...

ដោយ​៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print