ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចូលរួមជាវាគ្មិនធ្វើបទអន្តរាគមន៍លេីប្រធានបទ “ច្បាប់ និងបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ” ដែលបានប្រព្រឹត្តនាថ្ងៃទី ១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងពីការប្រើប្រាស់កម្មវិធីបណ្តាញសង្គមហ្វេសប៊ុក ប្រកបដោយសុវត្ថិភាព ដល់កុមារនិងយុវជន ក៏ដូចជាស្វែងយល់អំពីបទល្មើសពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ (OCSE) ការឆ្លើយតបខាងផ្លូវច្បាប់ និងបណ្តាញរាយការណ៍បន្ទាន់ (Internet Hotline) ។
ក្នុងនោះដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការចែករំលែកនូវបទពិសោធន៍ស្រាវជ្រាវ និងបង្ក្រាបជនល្មើសពាក់ព័ន្ធនឹងការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពជនល្មើសដែលបានប្រើបាស់កម្មវិធីបណ្តាញសង្គមលើប្រព័ន្ធអុីនធឺណិតជាមធ្យោបាយធ្វើការលួងលោមកុមារដែលជាអនីតិជន ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាផ្សេងៗដើម្បីធ្វើការចែកចាយរូបភាព សម្ភារៈអាសអាភាសកុមារ ការលេចឡើងនៃសញ្ញាណថ្មីៗ របស់ជនសង្ស័យជាជានជាតិខ្មែរប្រព្រឹត្តអំពើរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្លូវច្បាប់៕
ដោយ៖សហការី