យុទ្ធនាការទាក់ទាញអ្នកទេសចរបរទេសនៅក្នុងឆ្នាំ២០២២របស់ថៃបានកំណត់គោលដៅបង្កើនភ្ញៀវកក់សណ្ឋាគារសម្រាប់ទេសចរ៥០%នៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្ត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃលោក Phiphat Ratchakitprakarnបានឱ្យដឹងថាគណៈរដ្ឋមន្ត្រីថៃបានអនុម័ត យុទ្ធសាស្ត្រដែលស្នើឡើងដោយក្រសួងទេសចរណ៍ ដើម្បីដំណើរការវិស័យទេសចរណ៍ឱ្យល្អដូចដើមឡើងវិញ។ យុទ្ធនាការទាក់ទាញវិស័យទេសចរណ៍នឹងផ្តោតទៅលើខេត្តក្រុងមួយចំនួនដូចជា Chiang Mai, Phuket, Nakhon Ratchasima និង Ayutthaya”។ ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ ក្រសួងសុខាភិបាលថៃនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះបានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៩០១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៥៥នាក់បន្ថែមទៀតក៏បានស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,៥៥៦នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ រហូតមកទល់ពេលនេះប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,០៤៤,១២៥ករណី ក្នុងនោះមានអ្នកស្លាប់ ២០,២៥៤នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩៣៣,១៩៩នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប៨៦.១៤លានដូស ក្នុងនោះប្រជាជន ៣៧.៥៨លាននាក់ (៥៣.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី
រូបថត៖Reuters.