ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តកាមរីបាឡែនក្នុងល្បឿនលឿនរួចជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេសង្កេតឃេីញរថយន្តម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-8985 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់២កង់ខ្ទាតទៅផ្លូវម្ខាងទៀត រីឯរថយន្តបង្កបានផ្ទុះពោងទាំងសងខាង និងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយបានធ្វើដំណេីរទៅមុខបានជិត១០០ម៉ែត្រទៀតទើបឈប់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ដោយខូចខាតតែរថយន្តបង្ក និងរបាំងថ្មរបស់រដ្ឋតែប៉ុណ្ណោះ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើមម្បីធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ