សៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឆែកឆេរកន្លែងហាងបញ្ចាំអត់ច្បាប់មួយកន្លែង ដោយបានរកឃើញ ម៉ូតូបញ្ចាំចំនួន២៨គ្រឿង ហើយបានដកហូតយកមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត រីឯម៉ូតូចាស់ៗដែលនៅសល់មិនត្រូវបានប្រមូលនោះទេ ដោយសារវាចាស់ពេក ចំណែកម្ចាស់ទីតាំងនោះមិនត្រូវបានឃាត់ខ្លួននោះទេ ដោយងចាំស្រាវជ្រាវលម្អិតសិន។
ប្រតិបត្ដិការនេះ ធ្វើឡើងនៅវេលាម៉ោង១៣រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលដឹកនាំផ្ទាល់ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
តាមប្រភពបានទម្លាយឲ្យដឹងថា ទីតាំងកន្លែងទទួលបញ្ចាំនោះកើតមានយូរយារណាស់មកហើយ មិនដឹងហេតុអីនៅព្រឹកមិញនេះមានក្រុមការងារខេត្ត ដឹកនាំដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តបានចុះមកពិនិត្យពីភាពអានាធិបតេយ្យនៅតាមមាត់ស្ទឹង សៀមរាប ហើយក៏ប្រទះឃើញម៉ូតូជាច្រើនគ្រឿង រួចលោកអភិបាលខេត្តក៏សួរនាំមកសមត្ថកិច្ចថា ហេតុអីក៏មានម៉ូតូច្រើនយកមកស្តុកទុកនៅទីនេះ ភ្លាមនោះលោកអធិការក្រុងក៏ចាត់ឲ្យមន្ត្រីក្រោមឱវាទចុះមក ត្រួតពិនិត្យ ក៏ឃើញមានម៉ូតូជាច្រើនដោយមិនមានលិខិតស្នាមត្រឹមត្រូវមួយចំនួន ពិតប្រាកដមែន។
ប្រភពបន្តថា ទីតាំងខាងលើនោះគ្មានច្បាប់ទម្លាប់នោះទេ គឺជាកន្លែងដាក់បញ្ចាំតាមភូមិប៉ុណ្ណោះ។ លោកអនុសេនីយ៍ឯក នួន ស័ក្កចំរើនរិទ្ធ អធិការរងក្រុងសៀមរាបបានមានប្រសាសន៍ឲ្យដឹងនៅនឹងកន្លែងថា ដោយយោងតាមបទបញ្ជារបស់ថ្នាក់លើ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានចុះទៅត្រួតពិនិត្យ និងដកហូតម៉ូតូចំនួន២៨គ្រឿងយកមកកាន់អធិការក្រុងដើម្បី ស្រាវជ្រាវទៅតាមផ្លូវច្បាប់។ លោកបន្តថា ម្ចាស់ទីតាំងនោះមានឈ្មោះ សេង សំរ៉ង រស់នៅភូមិ/ឃុំខាងលើ មិនត្រូវបានសួរនាំនោះទេ ព្រោះចាំកូនមកពីភ្នំពេញសិន។
គួរបញ្ជាក់ផងដែរថា នៅក្នុងខេត្តសៀមរាប មានទីតាំងទទួលបញ្ចាំរបស់របរគ្រប់ប្រភេទជាច្រើនកន្លែង ដែលគេសង្ស័យថា កន្លែងបញ្ចាំភាគច្រើនពុំមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយការបញ្ចាំនោះទៀតសោត ហាក់បីដូចជាមានភាពមិនប្រក្រតីជាច្រើនករណីផងដែរ៕ដោយ៖ជានិរន្ដរ៍
សមត្ថកិច្ចឆែកឆេរហាងបញ្ចាំអត់ច្បាប់មួយកន្លែងរកឃើញម៉ូតូជិត៣០គ្រឿង
...