ភ្នំពេញ : នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅប្រទេសកម្ពុជា) អ្នកបើកបររថយន្ត Tesla មួយចំនួននៅសហរដ្ឋអាមេរិកមិនអាចបើកសោទ្វារឡានរបស់ពួកគេបាន ដោយសារតែម៉ាស៊ីនមេសម្រាប់ដំណើរការកម្មវិធី Tesla កំពុងត្រូវបានធ្វើការកែសម្រួលកាលពីប៉ុន្មានម៉ោងមុន ដែលនាំឱ្យមានការដាច់កម្មវិធីទូទាំងពិភពលោក ដែលធ្វើឱ្យទូរសព្ទរបស់អ្នកប្រើប្រាស់មិនអាចភ្ជាប់ទៅរថយន្តរបស់ពួកគេបាន។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ជាដំបូងបញ្ហានេះហាក់ដូចជា ប៉ះពាល់តែអ្នកបើកបរនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយមក អ្នកបើកបរនៅប្រទេសកូរ៉េខាងត្បូងក៏បានជួបនឹងបញ្ហានេះផងដែរ។ ទោះបីជាការប្រើប្រាស់ទូរសព្ទវៃឆ្លាតដើម្បីបើកទ្វាររថយន្តមានភាពងាយស្រួលក្ដី ប៉ុន្តែការពឹងផ្អែកទៅលើបច្ចេកវិទ្យានេះ អាចធ្វើឱ្យមានភាពរអាក់រអួលក្នុងការរស់នៅដោយសារតែសេវាកម្មប្រភេទនេះ អាចត្រូវកាត់ផ្ដាច់ក្នុងពេលដែលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធី ឬបញ្ហាបច្ចេកទេសមួយចំនួនទៀត ដូច្នេះអ្នកបើកបរគួរតែបន្តយកកូនសោជាមួយខ្លួន ជាការបម្រុងក្នុងពេលដែលពួកគេត្រូវការវានោះ៕
ដោយ, សិលា