ខេត្តមណ្ឌលគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី ជាង ៣ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
លោក ងិន សុវិមាន បញ្ជាក់ថា រយៈពេល៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួនសរុបប្រមាណ ៣២,៩៥៧នាក់ កើន ៤៩,៦៤%(ឆ្នាំ២០២០= ២២,០២៣នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៣២,៧៨៩នាក់ កើន ៥០,២៣% (ឆ្នាំ២០២០= ២១,៨២៥នាក់) ទេសចរបរទេសប្រមាណ ១៦៨នាក់ ថយចុះ ១៥,១៥% (ឆ្នាំ២០២០= ១៩៨នាក់)។
លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា ដោយសារមានភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ នាពេលយប់មានស្ថានភាពស្ទះចរាចរណ៍នៅរង្វង់មូលគោព្រៃ រីឯការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ៕
ដោយ៖ សូរិយា