ភ្នំពេញ៖ បើយោងតាមប្រភពពីផេកផ្លូវការ( Cambodia SEA GAMES 2023 ) CAMSOC និងពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាផ្លូវការហើយ បន្ទាប់ពី លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាទទួលសិទ្ធិជាផ្លូវការ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះជាសេចក្តីរាយការណ៍ជូនជនរួមជាតិរបស់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងពេលដំណើរការសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី និងពិធីចុះហត្ថលេខាជាផ្លូវការ។
លោក វ៉ាត់ ចំរើន គូសបញ្ជាក់ថា «កម្ពុជាពិតជាមានមោទនភាពចំពោះការទទួលបានសិទ្ធិជាផ្លូវការធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដោយជោគជ័យ នៅក្នុងសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នាពេលនេះ។ លោកបណ្ឌិត ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្នុងនាមជាអ្នករៀបចំការប្រកួតកីឡាយុវជនអាស៊ី និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដោយទទួលបានការអបអរសាទរពីបណ្តាប្រទេសដែលចូលរួមទាំងអស់។ តំណាងប្រទេសទាំងអស់នៃទ្វីបអាស៊ី៤៥ប្រទេស បានអបអរសាទរជូនចំពោះព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ ជាមួយនិងការមើលឃើញពីការរីកចម្រើនខាងផ្នែកកីឡា ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពរបស់កម្ពុជា»។
លោក វ៉ាត់ ចំរើន មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលនេះមានបណ្តាប្រទេសនានានឹងចូលរួមជួយដល់ការរៀបចំការប្រកួតកីឡាយុវជនអាស៊ីរបស់ម្ចាស់ផ្ទះកម្ពុជាយើង។ ដូច្នេះមោទនភាពនេះ គឺបានកើតមានឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូកម្ពុជា មកចូលរួមចុះហត្ថលេខាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាយុវជនជាប្រវត្តិសាស្ត្រប្រចាំអាស៊ីមួយនេះ។ នេះជាសំណាងរបស់យុវជនកម្ពុជាយើង និងជាសំណាងរបស់ប្រទេសកម្ពុជាយើង ដែលទទួលបាននូវកិត្តិយស កិត្យានុភាពជាតិ ពេញមុខ ពេញមាត់ ពេញសមត្ថភាពនៅលើឆាកអន្តរជាតិ។ ប្រព័ន្ធផ្សព្វផ្សាយជាតិប្រទេសអារ៉ាប់ទាំងអស់ និងបណ្តាញផ្សព្វផ្យាយអន្តរជាតិ បានចូលរួមផ្តិតយករូបភាពពីពិធីចុះហត្ថលេខានេះ ទៅផ្សព្វផ្សាយទូទាំងពិភពលោក។
ក្នុងនាមគណៈប្រតិភូកម្ពុជា ក្នុងបេសកកម្មអន្តរជាតិនេះ លោក វ៉ាត់ ចំរើន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានគាំទ្រដល់វិស័យកីឡាជានិច្ច ព្រមជាមួយនិងការរួមចំណែកកសាងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាយើងទាំងមូល។
សូមបញ្ជាក់ថា បេសកកម្មអន្តរជាតិ នៅប្រទេសអារ៉ាប់រួមនេះ គណៈប្រតិភូកីឡាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ថោង ខុន រួមជាមួយលោក ឃួង ស្រេង អមដំណើរដោយលោក អ៊ុក សិទ្ធជាតិ អគ្គនាយកកីឡាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម វ៉ាត់ ចំរើន ព្រមទាំងមន្ត្រីអមដំណើរមួយចំនួនទៀត៕
ដោយ : សិលា