ខេត្តរតនគិរី៖ ត្រេកអរជំនួសស្ត្រីមានផ្ទៃពោះម្នាក់ មានផ្ទុកជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលដោយសុវត្ថិភាពទាំងម្តាយនិងកូន ខណៈជួបស្ថានភាពដ៏លំបាកបំផុត ជាមួយជីវភាពក្រីក្រ។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរពេទ្យស្រុកបរកែវបានអោយដឹងថានៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្រ្តីរូបនេះបានឈឺពោះគ្រប់ខែ ហើយមកទទួលសេវាសម្រាលនៅមន្ទីរពេទ្យបរកែវ ហើយបានធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩។ ភ្លាមៗក្រុមគ្រូពេទ្យបានជួយអន្តរាគមន៍សម្រាលយ៉ាងយកចិត្តទុកដាក់ធ្វើអោយការសម្រាលទទួលបានជោគជ័យសុខសុវត្ថិភាពទាំងម្តាយ និងកូន ហើយទារកដែលទើបសម្រាលមានទម្ងន់២គីឡូ ៧ខាំជាកូនទី៣របស់ស្រ្តីរូបនេះ។
គួរបញ្ជាក់ផងដែរថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានណែនាំអោយមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាសេវាសុខាភិបាលតាមមូលដ្ឋានក្រុងស្រុកទាំង៩ក្នុងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះស្រ្តីមានផ្ទៃពោះ បើសិនរកឃើញថាជាពួកគាត់ មានផ្ទុកជំងឺកូវីដ-១៩ មិនត្រូវអោយពួកគាត់សម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ទេ គឺដាច់ខាតត្រូវយកពួកគាត់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រឺ មណ្ឌលសុខភាពងាយស្រួលព្យាបាល និងជួយពួកគាត់បានទាន់ពេលវេលាប្រសិនបើមានករណីឆ្លងទន្លេក្នុងអំឡុងព្យាបាលជំងឺកូវីដ-១៩។
ជាក់ស្តែងគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២១នេះ មាន៥០ករណីហើយដែលស្រ្តីមានផ្ទៃពោះផ្ទុកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកបរកែវ និងតាមមណ្ឌលព្យាបាលកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលបុត្រដោយសុខសុវត្ថិភាពទាំងម្តាយនិងកូន។
នេះបើតាមការបញ្ជាក់ពី លោក វេជ្ជ.បណ្ឌិតអ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានអោយដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ ព័ត៌មានខាងលើជារបាយការណ៍របស់អង្គភាព -មន្ទីរព័ត៌មានខេត្តរតនគិរី-ជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ៕ដោយ៖ សិលា