ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅលេបត្របាក់អស់ផ្ទះ ប្រជាពលរដ្ឋចំនួន៣ខ្នងទាំងស្រុងធ្វើឱ្យ ផ្អើលអស់ប្រជាពលរដ្ឋជិតខាង តែសំណាងល្អដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស។
ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវរទេះភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ហយ សែម ភេទស្រី និងឈ្មោះ សេន ផេង ភេទប្រុស មានមុខរបរជាកម្មករ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជាប់ផ្ទះកេីតហេតុបានបង្ហើបប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងប្តីនឹងប្រពន្ធដែលការឈ្លោះគ្នានេះគឺកើតមានស្ទើរតែរាល់ថ្ងៃ ហើយពេលឈ្លោះគ្នាម្តងៗ បុរសជាប្តីតែងតែគំរាមដុតផ្ទះជានិច្ច។ លុះនៅយប់កេីតហេតុនេះ គាត់បានឮសំឡេងឈ្លោះប្រកែកគ្នា និងបោកកម្ទេចសម្ភារៈក្នុងផ្ទះ ។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះនោះមក រហូតដល់ស្ថានភាពភ្លើងកាន់តែខ្លាំងទប់ទល់លែងឈ្នះ បណ្តាលឱ្យផ្ទះបុរសនោះនិងផ្ទះអ្នកជិតខាង២ខ្នងទៀតត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ភ្លាមៗនោះដែរ លោកបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកបាញ់ពន្លត់ទប់ស្កាត់ទាន់ពេលវេលា និងពុំឆ្លងរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាងបន្ថែមទៀតឡេីយ ។
លោកនាយការិយាល័យបានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន១៥គ្រឿង បានប្រើប្រាស់អស់ទឹកទាំង១៥រថយន្តទើបរលត់ជាស្ថាពរ។ ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យ ជំហានដំបូងសមត្ថកិច្ចដាក់ការសន្និដ្ឋានថាឆ្លងចរន្តអគ្គិសនី ប៉ុន្តែចំពោះមូលហេតុពិតប្រាកដសមត្ថកិច្ចកំពុងស្រាវជ្រាវ។ចំណែកផ្ទះដែលត្រូវភ្លើងឆេះនេះជាប្រភេទសំណង់ធ្វើពីឈើប្រក់ស័ង្កសីទំហំ (៥ម៉ែត្រ x ៦ម៉ែត្រ) ខូចខាតផ្ទះទំហំ (៤ម៉ែត្រ×៦ម៉ែត្រ) ចំនួន៣ផ្ទះរួមទាំងសម្ភារមួយចំនួន និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្ថែមទៀតឡើយ៕
ដោយ៖ រ៉ារ៉ា