ខេត្តពោធិ៍សាត់៖ សិស្សសាលា២នាក់ត្រូវរថយន្តតាក់ស៊ីបុកឲ្យរបួសធ្ងន់ខណៈជិះកង់ឆ្លងថ្នល់កាលពីវេលាម៉ោង១០និង៣៦នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលេខ១៥៥ ចន្លោះគីឡូម៉ែត្រលេខ១៣-១៤ ក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា សិស្សដែលរងគ្រោះទី១-ឈ្មោះ ម៉េន មុំ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិកំពង់ខ្ទោង សង្កាត់ចម្រើនផល ក្រុង-ខេត្តពោធិ៍សាត់ (អ្នកជិះកង់) និងទី២-អ្នករួមដំណើរឈ្មោះ ឃឿម ដា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នារងរបួសបែកក្បាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទរពេទ្យខេត្ត។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យដឹងដែរថា ក្រោយកើតហេតុនិងបន្ទាប់ពីមានការសម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តបង្កដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ អ្នកបើកបររថយន្តដែលបានឃាត់ខ្លួនឈ្មោះ សួន សុភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី រស់នៅភូមិស្វាយយៀង ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកបរនិងរថយន្តម៉ាក សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ ២A-០១៨៩ ត្រូវបានបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ ប៉ឹម ពិន