ភ្នំពេញ៖ បើយោងតាមផេកផ្លូវការរបស់ (Cambodia SEA GAMES 2023) CAMSOC ជាមួយពាក្យ #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន កម្រិត១ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីសម្រួចគោលដៅអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាត់ទុកថា វគ្គនេះគឺជាវវគ្គដ៏សំខាន់មួយ ដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ វគ្គសិក្សានេះ យើងសិក្សាតាមរបៀបរបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ក្នុងនោះក៏គ្រូឧទ្ទេសប្រចាំវគ្គនឹងចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។
លោកអគ្គលេខាធិការបន្ថែមទៀតថា, ដោយសារនេះជាវគ្គមូលដ្ឋានដ៏សំខាន់មួយ លោកស្នើឲ្យសិក្ខាកាមជាគ្រូបង្វឹកទាំងអស់ គប្បីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជា ពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិតសិក្សានេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់ សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ ដែលទទួលស្គាល់ពី UCI។
ជាមួយគ្នានោះ លោក នូ ចំរើន ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ ឲ្យប្រឹងប្រែង ដើម្បីគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ហើយទាំងអស់នេះ ក៏ជាដំណើរការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជា ឆ្ពោះទៅឆ្នាំបន្តបន្ទាប់ទៀត ហើយអ្វីដែលពិសេស គឺកម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ដោយនឹងប្រើប្រាស់យុវជនអាយុក្រោម១៨ឆ្នាំ ខណៈប្រភេទកីឡាទោចក្រយានកម្ពុជា ក៏ត្រៀមខ្លួនចូលរួមរៀបចំ និងការប្រកួតកីឡាទោចក្រយានក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនេះផងដែរ៕
ដោយ : សិលា