ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន បានដាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនលើសការព្យាករណ៍ ២.៤ ភាគរយសម្រាប់ឆ្នាំ២០២១ គាំទ្រដោយកំណើនកសិកម្ម និងឧស្សាហកម្ម ខណៈវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ រំពឹងថានឹងងើបឡើងវិញ ក្រោយប្រទេសបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង។ សម្តេចតេជោ ហ៊ុនសែន បានថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) “ស្ពានភ្ជាប់និស្ស័យ”
ជាឈ្មោះ មួយទៀតនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ត្រូវបានប្រសិទ្ធនាមដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចក្នុងរង្វង់ ៣ភាគរយ លើសពីការព្យាករណ៍ ២,៤ ភាគរយ ក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុនសែន បញ្ជាក់ថា បើកំណើនសេដ្ឋកិច្ចល្អក្នុងរយៈពេលពីរខែនៅសល់មុនដំណាច់ឆ្នាំ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៣ភាគរយ។
សម្តេចតេជោ លើកឡើងថា មានអង្គការមួយបានព្យាករណ៍កំណើនសេដ្ឋកិចុ្ចកម្ពុជាឆ្នាំ២០២១ បាន ២,៨ភាគរយ ដែលនេះ បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩។ សម្តេចមានមោទនភាព ខណៈប្រជាពលរដ្ឋប្រមាណ១៤លាននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលធ្វើអោយមានការបើកប្រទេសឡើងវិញ និងជំរុញកំណើនសេដ្ឋកិច្ច។
ការជម្រុញកំណើនសេដ្ឋកិច្ចនេះ សម្តេចតេជោ បញ្ជាក់ថា ដោយសារទីមួយគឺវិស័យកសិកម្ម នៅមានកំណើនសេដ្ឋកិច្ចទាំងអស់ ថែមទាំងលើសផែនការ ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩។ ទីពីរ គឺវិស័យឧស្សាហកម្ម ដែលការនាំចេញមានកំណើនកើនឡើង។
បន្ថែមពីលើសនេះ សម្តេចតេជោ លើកឡើងថា វិស័យសេវាកម្ម ដែលបានធ្លាក់ចុះខ្លាំងក្នុងវិបតិ្តកូវីដ១៩ រំពឹងថា នឹងងើបឡើងវិញ នៅគ្រាដែលរាជរដ្ឋាភិបាល បានប្រកាសបើកទទួលទេសចរបរទេសចាក់វ៉ាក់សាំងកូវីដគ្រប់។
បន្ថែមពីលើនេះ សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលបានដំឡើងការព្យាករណ៍ដល់ ជាង៥ភាគរយ កើនពី៤,២ភាគរយ ដែលជាកំណើនត្រូវបានព្យាករកាលពីពេលមុន។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រសិទ្ធនាមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រវែង១.១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ ថាជាស្ពានភ្ជាប់និស្ស័យ៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពាននេះ និងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ។
សូមជម្រាបជូនថា៖ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើមនៅត្រង់ គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិចស្ថិតលើផ្លូវខេត្តលេខ ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែក កក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គនៅចំណុច ភូមិក្តុលកណ្តាល ឃុំ ទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែង១.១៣១ ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន២គន្លង ផ្លូវម៉ូតូចំនួន២គន្លង ផ្លូវថ្មើរជើងចំនួន២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុប រួមទាំងស្ពាននិងផ្លូវតភ្ជាប់មានប្រវែងសរុប៩.៤៥៤ម៉ែត្រ។
ស្ពាននេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ដោយ ក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាង ចូវ វ៉ានអាន ចំណាយថវិកាអស់ប្រមាណ៥៦,៩៩៨លានដុល្លារអាមេរិក។
ដោយឡែក គម្រោងសាងសង់ផ្លូវជាតិលេខ៧១C មានប្រវែងសរុប១១៤,៦២គីឡូម៉ែត្រ ចាប់ផ្តើម ពីគីឡូម៉ែត្រលេខ១៥៤+៧០០ផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបញ្ចប់ នៅគីឡូម៉ែត្រលេខ៣០+៤០០ផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ គម្រោងសាងសង់ផ្លូវនេះរួមមាន៖ ផ្លូវមេប្រវែង៩២,៤៤៦ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ មានកន្លែងសម្រាប់បត់ត្រឡប់២កន្លែង(U-Turn) ផ្លូវតភ្ជាប់មានប្រវែង១៥,៨២១ គ.ម ទទឹងផ្លូវ១១ម៉ែត្រ ក្រាលកៅស៊ូបេតុង(AC) កម្រាស់៧សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន៩ខ្សែ ប្រវែង៦,៣៥៣ គ.ម ទទឹងតួផ្លូវ ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង(DBST) ស្ពានចំនួន១១កន្លែង ប្រវែង៨៧៥មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន២០២កន្លែង ដែលនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ សាងសង់ ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ១២៩,៩៨លានដុល្លារអាមេរិក៕