ប្រធានាធិបតីបៃឌិន និងភរិយា Jill Biden បានឈរផ្តល់អាហារ ដល់កម្លាំងទាហានជើងគោក នៅក្នុងទីតាំងយោធា Fort Bragg ក្នុងរដ្ឋ Carolina ខាងជើង។ ប្រធានាធិបតីបៃឌិនបាននិយាយទៅកាន់កម្លាំងទាហានថា «ខ្ញុំសូមអរគុណដល់កម្លាំងទាហាននិងក្រុមគ្រួសារ។ ខ្ញុំដឹងថាវាពិតជារឿងដ៏លំបាក នៅពេលដែលអ្នកមិនអាចចូលរួមបរិភោគអាហារជុំគ្រួសារបានក្នុងឱកាសឈប់សម្រាក»។ ដំណើរទស្សនកិច្ចទៅកាន់ទីតាំងទាហានជើងគោកកើតឡើងក្រោយរយៈពេល៣ខែដែលទាហានអាមេរិកដកចេញពីប្រទេសអាហ្វហ្គានីស្ថាន ហើយទីតាំងយោធា Fort Bragg គឺជាទីតាំងសំខាន់ដែលបានចូលរួមក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន។ ចំណែកភរិយាប្រធានាធិបតីបៃឌិន គឺលោកស្រី Jill Biden ក៏បានរំលឹកដល់កូនប្រុសគឺលោក Beau Bidenដែលធ្លាប់បម្រើការនៅក្នុងជួរកងទ័ពអាមេរិក ហើយបានទទួលមរណភាពកាលពីឆ្នាំ២០១៥។ លោកស្រីបានលើកឡើងថា «ខ្ញុំមកទីនេះគឺចង់អរគុណអស់លោក យើងខ្ញុំបានដឹងគុណយ៉ាងខ្លាំងដល់អ្វីដែលអស់លោកបានធ្វើ»។ ក្រោយបម្រើអាហាររួច លោកបៃឌិន ក៏បានចូលរួមថតរូបអនុស្សាវរីយ៍ជាមួយកម្លាំងទាហាន មុនពេលបញ្ចប់ដំណើរទស្សនកិច្ច។ មិនថាលោកបៃឌិននោះឡើយគឺក្នុងឱកាសនៃពិធីបុណ្យចុងឆ្នាំ ប្រធានាធិបតីអាមេរិកតែងតែទៅកាន់ទីតាំងយោធា សួរសុខទុក្ខកម្លាំងទាហាន៕ ដោយសាធី
រូបថត៖Reuters.