លោក សុខ លូ អនុញ្ញាតទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ប្រចាំប្រទេសកម្ពុជា និងប្រតិភូនៃសហភាពអឺរ៉ុប

ចែករំលែក៖

ខេត្តបាត់ដំបង : នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អនុញ្ញាតទទួលជួបសម្ដែងការគួរសម ជាមួយប្រតិភូ នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី BOURHIS Ophélie នាយិកាប្រចាំប្រទេសកម្ពុជា ប្រតិភូនៃសហភាពអឺរ៉ុប ដឹកនាំដោយលោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ នៃសហភាពអឺរ៉ុប និងក៏មានការចូលរួមពីប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាទៅលើគម្រោងផ្សេងៗសម្រាប់អភិវឌ្ឍក្នុងខេត្តបាត់ដំបង ។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ គណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំប្រទេសកម្ពុជា ក៏ដូចជាប្រតិភូនៃសហភាពអឺរ៉ុប និង លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ដែលចំណាយពេលវេលា ក្នុងការចូលជួបសម្ដែងការគួរសម ក៏ដូចការពិភាក្សាលើគម្រោមអភិវឌ្ឍន៍វិស័យនានាក្នុងខេត្តបាត់ដំបង ។ លោក បានមានប្រសាសន៍ថា ខេត្តបាត់ដំបង ជាខេត្តមួយដែលមានសក្តានុពលលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលមានប្រព័ន្ធធារាសាស្រ្ដខ្វាត់ខ្វែង ដែលបង្កឲ្យការបង្កបង្កើនផលដំណាំកសិកម្មក្នុងខេត្ត បានលទ្ធផលល្អ ហើយជាពិសេស ការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអន នឹងជិតសម្រេចបានទាំងស្រុងនាពេលឆាប់ៗខាងមុខនេះ ដែលអាចធ្វើការទប់ទឹកស្ទឹងសង្កែបានទៅតាមកម្រិតកម្ពស់ដែលយើងចង់បាន ដែលនឹងជួយបង្កើនសោភ័ណភាពស្ទឹងសង្កែ និងសោភ័ណភាពក្រុងបាត់ដំបងឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត និងតំបន់ទេសចរណ៍ មានអគារបុរាណ ដែលក្បាច់រចនាស្រស់ស្អាត និងទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

លោកស្រី BOURHIS Ophélie នាយិកាប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ដល់អាជ្ញាធរខេត្ត ដែលខិតខំប្រឹងប្រែងអភិរក្សបឹងទន្លេសាប ដែលជាបឹងដ៏ធំមួយ សំបូរទៅដោយមច្ឆាជាតិជាច្រើន និងបានចូលរួមក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកស្រីបានបន្តទៀតថា ចំពោះគម្រោងដែលទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ កំពុងដំណើរការនាពេលនេះ គឺផ្ដោតទៅលើវិស័យកសិកម្ម ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងប្រព័ន្ធទឹកក្នុងខេត្តបាត់ដំបង ។ លោកស្រី បានបន្ថែមទៀតថា បើសិនបើមានការគាំទ្ររដ្ឋបាលខេត្ត ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នឹងធ្វើការសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ដែលតែងតែកើតមានឡើងរៀងរាល់ឆ្នាំដែលទឹកស្ទឹងសង្កែ ឡើងដល់កម្រិតខ្ពស់ ដើម្បីកាត់បន្ថយបញ្ហាទឹកលិចក្នុងក្រុងបាត់ដំបង៕

...


ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print