ភ្នំពេញ : នៅថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមមូលបទ ” ការផ្លាស់ប្ដូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤ ” ។
ខាងក្រោមនេះ គឺជាសុន្ទរកថារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ីអឺរ៉ុបលើកទី១ ៖
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!
ជាកិច្ចចាប់ផ្ដើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម លោកជំទាវ ធុរជន និងវិនិយោគិនទាំងអស់នៃបណ្តាប្រទេសអាស៊ី-អ៊ឺរ៉ុប ដែលបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី ១ នាថ្ងៃនេះ ។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំពិតជាមាន កិត្តិយស និងមោទនភាពក្រៃលែង ក្នុងការទទួលរៀបចំវេទិកានេះឡើង ជាលើកដំបូង ដោយប្រព្រឹត្តទៅ អមជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប លើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ។
ជាការពិត វេទិកានេះមានភាពចាំបាច់ សម្រាប់វិនិយោគិនធ្វើការកំណត់ និងស្វែងរកឱកាស ធុរកិច្ច និងពាណិជ្ជកម្មថ្មីៗ និងសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងវិស័យ សាធារណៈ និងឯកជន ជាពិសេសការផ្លាស់ប្តូរយោបល់លើមូលបទដ៏មានសារៈសំខាន់ គឺ “ការផ្លាស់ប្តូរ ទៅគន្លងប្រក្រតីភាពថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និង បដិវត្តន៍ឧស្សាហកម្មទី ៤” សំដៅលើកកម្ពស់សកម្មភាពធុរកិច្ច-វិនិយោគ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅក្នុងគន្លងប្រក្រតីភាពថ្មី ។
ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី!
យើងទាំងអស់គ្នាបានឃើញយ៉ាងច្បាស់ថា កិច្ចសហប្រតិបត្តិការអាស៊ី-អ៊ឺរ៉ុប បានចូលរួមយ៉ាង សំខាន់ក្នុងការពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមកនៃប្រជាជន និងសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍរួម ។
ជាមួយគ្នា កិច្ចសហប្រតិបត្តិការនេះ នៅមានសក្តានុពលជាច្រើនទៀត ដែលយើងត្រូវចាប់យក ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ។ ជាក់ស្ដែង ទំហំសេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប មានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្ម មានប្រមាណ ជា ៥៥ ភាគរយនៃពាណិជ្ជកម្មសកល ។ ជាទិសដៅទៅមុខ ខណៈដែលវិបត្តិជំងឺកូវីដ-១៩ ត្រូវបាន រំពឹងថា នឹងស្រាកស្រាន្តនាពេលដ៏ឆាប់ខាងមុខ ការជំរុញប្រក្រតីភាពនៃរំហូរពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ ឱ្យស្របទៅនឹងការផ្លាស់ប្តូរថ្មីជាសកល គឺជាការងារសំខាន់ និងបន្ទាន់ ដើម្បីស្តារ និង ជំរុញការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចអាស៊ី-អ៊ឺរ៉ុប ឡើងវិញ ។
សូមអានទាំងស្រុងនូវថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៕